សម្តេចធិបតី  បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ជាការពង្រឹង ជាជាងពង្រីក ដោយការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យចំគោលដៅ


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី មានប្រសាសន៍ថា សេវាសាធារណៈ ត្រូវតែពង្រឹង ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ។ សម្តេចបានលើកឡើងជុំវិញវិធានគន្លឹះទី១ គឺការពង្រឹងរដ្ឋបាលសាធាណៈ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាការពង្រឹង ជាជាងពង្រីក ដោយការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យចំគោលដៅ។


សម្តេច មានប្រសាសន៍បែបនេះស្របពេលដែលសម្តេច បានរំលឹកពី ការងារកែទម្រង់មុខងារសាធារណៈ ដែលជាកិច្ចការត្រូវធ្វើជាប្រចាំ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី បានលើកឡើងថា កន្លងមកយើងបានធ្វើការកែទម្រង់ជាបន្តបន្ទាប់ ហើយទទួលបានលទ្ធផលច្រើន តែយើងនៅមានកិច្ចការជាច្រើនបន្ថែមទៀតដែលត្រូវបន្ត។ ដើម្បីបំពេញតម្រូវការនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របពេលដែលការវិវឌ្ឍនៃសង្គម និងកំណើនសេដ្ឋកិច្ចមានជាបន្តបន្ទាប់ អាជ្ញាធរ មន្ត្រីរាជការ និងរដ្ឋបាលសាធារណៈ ត្រូវតែមានការច្នៃប្រឌិត ការកែលម្អ ការពង្រឹងសមត្ថភាព ជាមួយទំនើបកម្ម និងវិវឌ្ឍជាប្រចាំ។


ផ្សារភ្ជាប់ជាមួយកិច្ចការកែទម្រង់មុខងារសាធារណៈ និងការគ្រប់គ្រងមន្ត្រីរាជការ សម្តេចធិបតី បានរំលេចវិធានការគន្លឹះទី១ របស់រាជរដ្ឋាភិបាល ក្នុងវិស័យមុខងារសាធារណៈ ដែលក្នុងនោះផ្តោតលើ (១)ការជ្រើសរើសមន្ត្រីចូលបម្រើការប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព (២)ការពង្រឹងការគ្រប់គ្រងមន្ត្រី ការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់មន្ត្រី រួមទាំងពង្រឹងស្ថាប័ន និង(៣)ការរៀបចំប្រព័ន្ធលើទឹកចិត្តសម្រាប់មន្ត្រីឱ្យសមស្របទៅនឹងគោលការណ៍គុណាធិបតេយ្យផ្អែកលើសមិទ្ធកម្ម៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១