ក្រសួងមុខងារសាធារណៈ បន្តដឹកនាំរៀបចំយន្តការប្រឡង ជ្រើសរើស មន្ត្រីកសិកម្ម ដើម្បីឆាប់សម្រេចការឆ្លើយតប ជាមួយកម្មវិធីគោលនយោបាយ អាទិភាព របស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៣


នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំយន្តការប្រឡង ជ្រើសរើស មន្ត្រីកសិកម្ម ដើម្បីឆ្លើយតបជាមួយកម្មវិធីគោលនយោបាយ អាទិភាព របស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងមុខងារសាធារណៈ។


កិច្ចប្រជុំនេះបានពិភាក្សាទៅការរៀបចំ កំណត់ បែបបទ និងនីតិវិធី សម្រាប់ការប្រឡងប្រជែងមន្ត្រីកសិកម្ម ឃុំ សង្កាត់ ចំនួន២៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ដោយក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំយន្តការប្រឡង ជ្រើសរើស និងដាក់ពង្រាយមន្ត្រីបច្ចេកទេសទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ស្របតាមកម្មវិធីនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៣។ ក្រសួងមុខងារសាធារណៈ បានសិក្សាយ៉ាងលម្អិតជាមួយភាគីពាក់ព័ន្ធ ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាច្រើនលើកច្រើនសារ ដើម្បីធ្វើយ៉ាងណាឱ្យការប្រឡងជ្រើសនេះ ឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព បរិយាប័ន្ន និង ប្រសិទ្ធភាព ដែលមានកំណត់ក្នុងវិធានគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។


ក្រសួងមុខងារសាធារណៈ មានបេសកកម្មសំខាន់បន្ថែមក្នុងកិច្ចការកែទម្រង់វិស័យមុខងារសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ ក្នុងនោះ មុំចំនួន៣ ក្នុងចំណោមមុំទាំង៥ ដែលមាននៅក្នុងស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណ បានផ្តោតការយកចិត្តទុកដាក់លើការងារមុខងារសាធារណៈ រួមមាន៖ ទី១ ការពង្រឹង និងការកែទម្រង់ស្ថាប័ន ទី២ ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹង ប្រសិទ្ធភាព នៃការអនុវត្តការងារ និងទី៣ ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ។


ដើម្បីឆ្លើយតបជាមួយបេសកកម្មចម្បងខាងលើ យន្តការការងារជាច្រើន ត្រូវបានសិក្សា ពិភាក្សា និងបានដាក់ចេញជាបន្តបន្ទាប់ ក្នុងគោលដៅឆ្ពោះទៅសម្រេចបានលទ្ធផលស្របតាមយុទ្ធសាស្ត្របញ្ចកោណផង និងស្របតាមទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ស្របជាមួយវិធានការគន្លឹះក្នុងការកែទម្រង់មុខងារសាធារណៈ ចំនួន៣ រួមមាន៖ (១.)កែទម្រង់ការប្រឡងជ្រើសរើសមន្រ្តីរាជការ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព (២.)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និង(៣.)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ប្រសិទ្ធភាព និងចីរភាព។


ជាចុងបញ្ចប់ ឯកឧត្តមប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់លើការខិតខំចូលរួមផ្តល់ជាធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដោយសម្រេចកំណត់ការងារមួយចំនួនរួមមាន៖ ១)ពេលវេលាប្រឡង, ការជូនដំណឹង, ការចុះឈ្មោះបេក្ខជនក្នុងការចូលរួមប្រលងប្រឡង និង២)បែបបទនីតិវិធីនៃការប្រឡង, ការរៀបចំគណៈកម្មការ, គណៈកម្មការដែលមានការពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព គុណភាព ដែលនឹងសម្រេចបានតាមចក្ខុវិស័យរបស់ក្រសួង និងស្របតាមទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១