ពិធីបិទប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា


ក្នុងពិធីបិទប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានឡើងធ្វើរបាយការណ៍ ដោយបង្ហាញពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាល ដំណើរប្រព្រឹត្តទៅ និងភាពជោគជ័យដែលទទួលបានកន្លងមក ជាពិសេសលើកិច្ចសហការក្នុងភាពជាដៃគូដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សដែលជាមន្ត្រីរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលប្រកបដោយគុណភាព ចាប់ពីការជ្រើសរើសសិស្សមន្ត្រី និងកម្មសិក្សាការី រហូតដល់ពេលបញ្ចប់ការបណ្តុះបណ្តាល។ ជាក់ស្តែង សម្រាប់ក្នុងក្របខណ្ឌគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម យក់ ប៊ុនណា ក៏បានគូសបញ្ជាក់នូវការរៀបចំវគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងការជ្រើសរើស ដែលសាលាភូមិន្ទរដ្ឋបាលបានដឹកនាំរៀបចំ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។


ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងអំណរគុណក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ចំពោះការផ្តល់កិច្ចសហការជាបន្តបន្ទាប់ ជាពិសេសលើការរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ជំនាន់ទី១ ឆ្នាំ២០២២ និងការសហការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ក្របខណ្ឌថ្មី ក្នុងឆ្នាំ២០២៣នេះ។


សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ជំនាន់ទី១ ឆ្នាំ២០២២ ត្រូវបានបញ្ចប់ជាស្ថាពរ ហើយជាសក្ខីភាពនៅវេលាព្រឹកនេះ សាលាភូមិន្ទរដ្ឋបាល បាន និងកំពុងរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលនិងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមដែលបានទទួលលទ្ធផលជោគជ័យ ចំនួន ៥៤នាក់/ស្រី១០នាក់។ ជាមួយគ្នានេះ សាលា ក៏បាន និងកំពុងរៀបចំពិធីបើកវគ្គតម្រង់ទិសដំបូងសិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ ដែលមានរយៈពេល៣ខែ នៅសាលាភូមិន្ទរដ្ឋបាល មុនពេលការចាត់ឱ្យទៅបម្រើការងារនៅតាមអង្គភាព ឬគ្រឹះស្ថានសិក្សានានាចំនួន៤៥ ក្រោមឱវាទ ទឹស្តីការក្រសួងអប់រំ យុវជន និងកីឡា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១