ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី
នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ដែលបានទទួលមរណភាពកាលពីព្រឹក ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០៖១០នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ គឺជាការបាត់បង់ដ៏គួរឱ្យសោកស្តាយនូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ និងព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី រួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ។
ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយលោកជំទាវ ជឹម ម៉ានី និងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។