ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយលោកស្រី Maryam Salim ជាប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជា


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយលោកស្រី Maryam Salim ជាប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ក្រសួងផងដែរ។


ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជ្រាលជ្រៅរវាងកម្ពុជា និងធនាគារពិភពលោក ដែលស្របតាមចក្ខុវិស័យ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកស្រី Maryam Salim បានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក នឹងបន្តជាចំណែកចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជាទាំងបច្ចុប្បន្ន និងនាពេលអនាគត។


ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់នូវកិច្ចសហការ និងការបន្តគាំទ្រពីធនាគារពិភពលោក តាមរយៈគម្រោងវិនិយោគលើវិស័យសំខាន់ៗនានា រួមមាន វិស័យអប់រំ សុខាភិបាល និងគម្រោងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលទាំងអស់នេះពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានគាំទ្រវិស័យមុខងារសាធារណៈ ដោយការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងមុខងារសាធារណៈ ក៏ដូចជាសាលាភូមិន្ទរដ្ឋបាល ជាពិសេសតាមរយៈជំនួយផ្នែកបច្ចេកទេស និងការសហការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃក្រសួង និងមន្ត្រីរាជការដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋបាលសាធារណៈ។


តាមរយៈកិច្ចជំនួបព្រឹកនេះដែរ ថ្នាកដឹកនាំ និងអង្គប្រជុំ ក៏បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នាលើការពិនិត្យលទ្ធភាព ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ឱ្យកាន់តែចំគោលដៅបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការសម្រេចជោគជ័យនូវការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកិច្ចការជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១