រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា


នារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តបតាមការស្នើរបស់ស្ថានទូតឆែក នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ក្នុងជំនួបសំណេះសំណាលនេះ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរមតិយោបល់ បទពិសោធ និងចែករំលែកព័ត៌មានអំពីស្ថានភាពវិស័យមុខងារសាធារណៈក្នុងប្រទេសរៀងៗខ្លួន ដើម្បីជាមូលដ្ឋានសម្រាប់ការបន្តពិភាក្សា និងពិនិត្យលទ្ធភាពគិតគូរលើកិច្ចសហប្រតិបត្តិការណាមួយក្នុងវិស័យមុខងារសាធារណៈនៅកម្ពុជា។


ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះរៀបរាប់ពីសាវតានៃកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈពីមួយដំណាក់កាលទៅដំណាក់កាល និងគូសបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូត នូវបេសកកម្មចម្បងរបស់ក្រសួងមុខងារសាធារណៈក្នុងអាណត្តិទី៧ ជាពិសេសក្នុងការអនុវត្ត និងការសម្រេចនូវចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លើកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈផងដែរ។ ក្រៅពីនោះ កិច្ចពិភាក្សា ក៏បានផ្តោតបន្ថែមលើការស្វែងយល់ពីប្រធានបទ និងឱកាសផ្សេងៗ ក្នុងទិសដៅឈានឆ្ពោះទៅរកការពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងស្ថានទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១