«១៥ តុលា ឆ្នាំ២០១២- ១៥ តុលា ឆ្នាំ២០២៣- ខួប ១១ឆ្នាំនៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ»


នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១១ឆ្នាំ នៃការយាងសោយទីវង្គតរបស់ព្រះអង្គ (១៥ តុលា ២០១២ – ១៥ តុលា ២០២៣) នៅមណ្ឌបតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ។


ប្រជានុរាស្ត្រខ្មែរទូទាំងប្រទេស ចងចាំមិនភ្លេចឡើយនូវវេលានេះកាលពី១១ ឆ្នាំមុន និងមានការសោកស្តាយជាអនេកចំពោះការបាត់បង់ព្រះមហាវីរក្សត្រដ៏ឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញ ព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាវាងវៃគ្រប់កាលៈទេសៈ។


ក្នុងឱកាសគម្រប់ខួប ១១ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទូលព្រះបង្គំ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១