ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តព្រះបារមីវង្កតបុរី​ ហៅវត្តទួលក្រសាំង


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៅនៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្ស ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧ សណ្តាន។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបសួរសុខទុក្ខ ជូនកុសលផលបុណ្យលោកតា លោកយាយ ជាពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកដាក់បិណ្ឌវេនទី១៣ ក្នុងបរិវេណវត្តផងដែរ។


គួររម្លឹកដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធហើយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌ កុសសផលបុណ្យជូនដល់បងប្អូនប្រជាជនខ្មែរគ្រប់ៗរូប សូមឱ្យជួបសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១