ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជនមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ


នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជនមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ នៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត តំណាងអភិបាលនៃគណៈអភិបាលខេត្ត ប្រឹក្សាក្រសួងមុខងារសាធារណៈ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអតីតមន្ត្រីរាជការនិវត្តជនមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់។


ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ អ៊ំប្រុស អ៊ំស្រី ជាអតីតមន្ត្រីរាជការនៃមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ ដែលបានឆ្លងកាត់ការតស៊ូលះបង់កម្លាំងកាយចិត្ត និងបទពិសោធន៍សម្រាប់អ្នកបន្តវេន ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនចំពោះលោកអុំ លោកពូ អ្នកមីង នាពេលនេះ ព្រមទំាងបានរំលឹកនូវវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាំកម្ពុជា មកកាន់សុខសន្តិភាព មានស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។


ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ទៅលើការលះបង់ប្រកបដោយឆន្ទៈរបស់ថ្នាក់ដឹកនាំជំនាន់មុន រួមមាន០២ចំណុច៖ ១)ការលះបង់របស់ចាស់ៗទើបក្មេងៗមានថ្ងៃនេះ និង២)ក្មេងៗជំនាន់ក្រោយត្រូវគិតគូរ និងថែរក្សា។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងនូវបីចំណុចទៅកាន់យុវជនជំនាន់ក្រោយរួមមាន៖ ១)ការគោរពចាស់ទុំ កើតចេញពី គុណធម៌ សីលធម៌ ២)ការគោរពឋានានុក្រម កើតចេញពី ការចាត់តាំង និង៣)ការគោរពភាពជាគម្រូនៃការដឹកនាំ កើតចេញពីឧត្តមគតិ។


ឆ្លៀតឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានផ្តល់ឱកាសជូនឯកឧត្តម នូវការទូន្មាន ពន្យល់បង្រៀន និងអប់រំ ក្នុងការតម្រង់ទិសការអនុវត្តការងារកន្លងមកក្នុងក្របខណ្ឌ ការងារនយោបាយ និងការងារមហាជនក្នុងខេត្តកំពង់ស្ពឺ នេះផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១