តបតាមសំណើរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា


តបតាមសំណើរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នារសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅបន្ទប់សវនាការ ទីស្តីការក្រសួងមុខងារសាធារណៈ។


ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការពិភាក្សាជុំវិញប្រធានបទពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ កិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ និងប្រធានបទផ្សេងៗបន្ថែមរួមមាន យន្តការនៃការប្រឡងជ្រើសរើសមន្ត្រី ដែលបានអនុវត្តក្នុងប្រទេសទាំងពីរផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី បានចែករំលែកលើស្ថានភាព និងដំណើរការនៃការជ្រើសរើសមន្ត្រីរាជការនៅសហរដ្ឋអាមេរិក ដោយបានលើកឡើងពីការលំបាកនៃការផ្សព្វផ្សាយព័ត៌មាន ដើម្បីទាក់ទាញអ្នកដែលមានសមត្ថភាព ចម្រុះជាតិសាសន៍ ពីបណ្តារដ្ឋនានា ជាពិសេសរដ្ឋដាច់ស្រយាល ឱ្យមកចូលរួមប្រឡងមន្ត្រីដោយផ្អែកលើគោលការណ៍ស្មើភាព និងមានសមត្ថភាព។


ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់រាល់ចំណុចដែលឯកអគ្គរដ្ឋទូតបានលើកឡើង និងបានគូសបញ្ជាក់ពីបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ជាពិសេសលើការអនុវត្តចក្ខុវិស័យ និងវិធានអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការរៀបចំយន្តការថ្នាក់ជាតិប្រឡងជ្រើសរើសមន្ត្រីរាជការ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីសកម្មភាពការងារដែលកំពុងដំណើរ ( working in progress) ខណៈការងារមួយចំនួនទាមទារពេលវេលាក្នុងការអនុវត្ត ហើយនឹងការបន្តខិតខំប្រឹងប្រែងសម្រួចបន្ថែមក្នុងការអនុវត្តឱ្យកាន់តែប្រសើរ។


សូមជម្រាបជូនថា តាមរយៈជំនួបនាពេលនេះដែរ បានអនុញ្ញាតឱ្យអោយថ្នាក់ដឹកនាំទាំងពីរ អាចផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ត្រង់ទៅត្រង់មក រៀនសូត្រពីគ្នាទៅវិញទៅមក និងស្វែងយល់ពីកត្តាប្រឈមផ្សេងៗ នៃប្រទេសទាំងពីរផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១