ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានរៀបរាប់សាវតានៃ វគ្គបណ្តុះបណ្តាលស្តីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានរៀបរាប់សាវតានៃ វគ្គបណ្តុះបណ្តាលស្តីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ថាកន្លងមក សាលាភូមិន្ទរដ្ឋបាលបានរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់សិក្ខាកាមជាន់ខ្ពស់បានចំនួនបួនជំនាន់មកហើយ។ សិក្ខាកាមដែលបានចូលរួមនៅថ្នាក់ជាតិមានតំណែងចាប់ពីកម្រិតប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការឬមុខតំណែងប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី ខេត្ត អភិបាលរងរាជធានី ខេត្ត រហូតដល់អភិបាលខេត្ត។ ជាលទ្ធផល សិក្ខាកាមចំនួន៦៥៧នាក់(ស្រី១១១នាក់) បានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ដោយឡែក សិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៥ ដែលមានវត្តមានក្នុងឱកាសបើកវគ្គនាថ្ងៃនេះ មានចំនួនសរុប១៩៧នាក់(ស្រី២៩នាក់) មកពីក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិចំនួន៣០ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង២៥រាជធានី ខេត្ត។


ឯកឧត្តម ក៏បានយកឱកាសនោះ ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី សហភាពអឺរ៉ុប និងធនាគារពិភពលោក ដែលបានឧបត្ថម្ភគាំទ្រ និងសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដែលជាផ្នែកមួយចូលរួមដល់ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការនិងការកសាងសមត្ថភាពស្ថាប័ននៅកម្ពុជា ស្របនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១