ថ្ងៃស្អែកនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលនឹងអញ្ជើញចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៥ នៅសាលាភូមិន្ទរដ្ឋបាល


ថ្ងៃស្អែកនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលនឹងអញ្ជើញចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៥ នៅសាលាភូមិន្ទរដ្ឋបាល។ ពិធីនាថ្ងៃស្អែកនេះ នឹងមានការអញ្ជើញចូលរួមពីតំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល គ្រូបង្គោល និងសិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៥ សរុបប្រមាណ២៣៧នាក់។


វគ្គបណ្ដុះបណ្ដាល ស្តីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នេះបានរៀបចំឡើងចំនួន ៤ជំនាន់រួចមកហើយ ក្នុងគោលបំណង បង្កើនចំណេះដឹងអំពីភាពជាអ្នកដឹកនាំ បង្កើននូវជំនាញ និងទំនុកចិត្តដើម្បីបង្កើត និងអនុវត្តនូវផែនការសកម្មភាពរបស់អង្គភាព។ បន្ថែមលើនេះ ការអនុវត្តការងារ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងរបស់សិក្ខាកាមដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងនវានុវត្តន៍ ក៏ជាភារកិច្ចរបស់សិក្ខាកាមដែលត្រូវបំពេញផងដែរ។ នៅពេលបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់ ត្រូវបានរំពឹងទុកថានឹងក្លាយជាផ្នែកមួយនៃបណ្តាញអ្នកដឹកនាំដែលគាំទ្រគ្នាទៅវិញទៅមកតាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈម ឬបង្កើតគម្រោងរួមគ្នាដែលមានលក្ខណៈអន្តរវិស័យ។


សូមអញ្ជើញតាមដានការផ្សាយជាបន្តបន្ទាប់នូវខ្លឹមសារ និងទិដ្ឋភាពនៃពិធីបើកវគ្គបណ្តុះបណ្តាល ស្តីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៅថ្ងៃស្អែកពីសាលាភូមិន្ទរដ្ឋបាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១