ក្រសួងមុខងារសាធារណៈ ប្រជុំណែនាំបន្ថែមអំពីខ្លឹមសារព្រះរាជក្រឹត្យ ស្តីពី«គោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ»
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំបន្ថែមអំពីខ្លឹមសារព្រះរាជក្រឹត្យ ស្តីពីគោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ សរុបជិត ៣០០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើការណែនាំបន្ថែមទៅលើខ្លឹមសារនៃព្រះរាជក្រឹត្យ នស/រកត/០៩២៣/២១៣៧ ស្តីពី«គោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ» ដើម្បីជាការពង្រឹងគោលការណ៍ឋានានុក្រមរដ្ឋបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ។ ការតែងតាំងទីប្រឹក្សា និងជំនួយការនៅតាមស្ថាប័ននីមួយៗសូមធ្វេីការយកចិត្តទុដាក់ និងគោរពតាមគោលការណ៍ លក្ខខណ្ឌ និងបែបបទឱ្យបានច្បាស់លាស់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានលើកឡើងថាស្មារតីព្រះរាជក្រឹត្យនេះ បង្ហាញពីទស្សនវិស័យវែងឆ្ងាយពាក់ព័ន្ធការកែទម្រង់មួយដើម្បីធានានិរន្តរភាព និងប្រក្រតីភាពការងាររបស់មន្ត្រីរាជការក្នុងការបំពេញតួនាទីជាទីប្រឹក្សា និងជំនួយការឱ្យមានប្រសិទ្ធភាព។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុសផុលរួចមក ឯកឧត្តម យក់ ប៊ុនណា ក្នុងនាមក្រសួងមុខងារសាធារណៈ បានជំរុញឱ្យក្រសួង-ស្ថាប័នទាំងអស់ត្រូវខិតខំអនុវត្តតាមព្រះរាជក្រឹត្យខាងលើឱ្យមានប្រសិទ្ធភាព ដើម្បីសម្រេចចក្ខុវិស័យលើការងារកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕