គណៈរដ្ឋមន្ត្រីសម្រេចឯកភាពលើឯកសារគោលចំនួន២ របស់ក្រសួងមុខងារសាធារណៈ


ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយក្នុងដោយក្នុងនោះឯកសារគោលចំនួន២ របស់ក្រសួងមុខងារសាធារណៈត្រូវបានសម្រេចឯកភាពជាស្ថាពររួមមាន៖ (១) សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមាន២១មាត្រា និង(២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ ដែលត្រូវបានរៀបចំឡើងមានចំនួន៦៤ មាត្រា។


សេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី នាសម័យប្រជុំថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ ដោយក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីធ្វើរបាយការណ៍វឌ្ឍនភាពការងារ និងដាក់ឆ្លងឯកសាររបស់ក្រសួងមុខងារសាធារណៈ ចំនួន២ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងសម្រេច។ ជាលទ្ធផល ឯកសារទាំង២ ដែលជាសេចក្តីព្រាងព្រះរាជក្រឹត្យ និងសេចក្តីព្រាងអនុក្រឹត្យ ត្រូវបានសម្រេចឯកភាព ដើម្បីបន្តនីតិវិធី។


សេចក្តីប្រកាសព័ត៌មាន បានរៀបរាប់ជុំវិញការសម្រេចលើ «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ» ថា «ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សេចក្តីព្រាងព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.)ត្រូវបានរៀបចំឡើងដោយមានការកែសម្រួលខ្លឹមសារមួយចំនួនពីព្រះរាជក្រឹត្យចាស់ដើម្បីឲ្យសមស្របជាមួយបរិបទថ្មី នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ចំណុចសំខាន់ៗ ដែលបានកែសម្រួលគឺ សមាសភាពរបស់គ.ក.ស. ដោយមានបន្ថែមប្រធានអនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. និងតំណាងនៃគណៈអភិបាលរាជធានីខេត្ត ទាំង២៥ ជាសមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤ នៃគ.ក.ស. ដែលមានក្នុងព្រះរាជក្រឹត្យចាស់ ឲ្យសមស្របតាមប្រភេទ និងទំហំការងារ ដែលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈត្រូវទទួលបន្ទុក។ អនុគណៈកម្មាធិការទាំង៤ នៃគ.ក.ស. រួមមាន៖ ១) អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈ និងនវានុវត្តន៍ ២) អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ ៣)អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និង៤) អនុគណៈកម្មាធិការកសាងសមត្ថភាពមន្ត្រី។ ផ្អែកលើការរៀបចំថ្មីនេះ យន្តការស្ថាប័នទទួលបន្ទុកកែទម្រង់ដែលនៅដោយឡែកៗពីគ្នា ដូចជាក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស និងក្រុមការងារវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ដែលកំណត់ដោយសេក្តីព្រាងព្រះរាជក្រឹត្យថ្មី។»


ដោយឡែក សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ ដែលទើបតែត្រូវបានសម្រេច គឺជាការរៀបចំតាក់តែងសារជាថ្មី ជំនួសអនុក្រឹត្យចាស់ ឆ្នាំ២០១៤ ដើម្បីធានានូវប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្មនៃការដឹកនាំ និងការគ្រប់គ្រងវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងបរិបទថ្មី នៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យមុខងារសាធារណៈ ព្រមទាំងភាពចាំបាច់នៃការកែទម្រង់រដ្ឋបាលសាធារណៈ ក៏ត្រូវបំពេញតួនាទី និងភារកិច្ចក្នុងក្របខណ្ឌជាលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងត្រូវបំពេញបេសកកម្ម និងមុខងាររបស់ខ្លួនឲ្យកាន់តែសកម្ម និងប្រកបដោយថាមភាព ឈរលើអភិក្រមការងារប្រកបដោយជវភាពនៃគ្រប់តួអង្គក្នុង និងក្រៅក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីបម្រើប្រជាជនឲ្យកាន់តែប្រសើរ។


ជាទីបញ្ចប់ មហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូនឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដើម្បីរៀបចំនីតិវិធីលើឯកសារទាំងពីរ បន្តក្នុងការបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យ ទូលថ្វាយ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ពិនិត្យ និងឡាយព្រះហស្ថលេខាដ៏ខ្ពង់ខ្ពស់បំផុត។ សម្តេចធិបតីក៏បានប្រគល់ភារកិច្ចបន្ថែមជូនដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុងការ សហការបន្តជាមួយគណៈរដ្ឋមន្ត្រី ដើម្បីរៀបចំបន្តនីតិវិធី គោរពស្នើសូមហត្ថលេខាដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី លើអនុក្រឹត្យ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ។


សូមជម្រាបថាកិច្ចប្រជុំពេញអង្គនាសម័យប្រជុំថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មានការធ្វើរបាយការណ៍ និងឆ្លងរបៀបវារៈមួយចំនួនដែលមានដូចជា៖

(១) របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្តមុនដំណាច់ឆ្នាំ២០២៣

(២) សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

(៣) របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ

(៤) សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

(៥) សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

(៦)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ

និង(៧)បញ្ហាផ្សេងៗ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១