ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសមពីសំណាក់ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា


តបតាមសំណើរបស់ស្ថានទូតអូស្ត្រាលី ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសមពីសំណាក់ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់សវនាការ នៃទីស្តីការក្រសួងមុខងារសាធារណៈ។


ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ បានសាទរចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ខណៈដែលប្រទេសទាំងពីរបានបន្ត និងរក្សាទំនាក់ទំនងលើវិស័យចម្បងៗ នានា នៅគ្រប់កម្រិត។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះបេសកកម្មរបស់ក្រសួងជាពិសេសលើការងារកំណែទម្រង់មុខងារសាធារណៈ។


ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសាវតារនៃកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវបានចាប់ផ្តើមអនុវត្តជាផ្លូវការតាំងពីឆ្នាំ១៩៩៩ មកម្លេះ តាមរយៈការបង្កើតឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ។ បន្ទាប់មក កំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានបញ្ចូលជាស្នូលក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ក្នុងឆ្នាំ២០០៤ ហើយបានបន្តក្លាយជាស្នូល និងគោលដៅយុទ្ធសាស្ត្រអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការលើការងារកំណែទម្រង់មុខងារសាធារណៈ មានការប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងការសម្រេចនូវចក្ខុវិស័យរបស់សម្តេចនាយករដ្ឋមន្ត្រី ជាពិសេសលើគោលនយោបាយអាទិភាព ការរៀបចំយន្តការថ្នាក់ជាតិសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រី និងការគិតគូររៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រផ្អែកលើសមិទ្ធកម្ម។


ក្រៅពីនោះ កិច្ចពិភាក្សា បានផ្តោតបន្ថែមលើការផ្លាស់ប្តូរបទពិសោធន៍ការងារ និងស្វែងយល់ពីឱកាសផ្សេងៗ ក្នុងទិសដៅឈានឆ្ពោះទៅរកការពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១