ក្រសួងមុខងារសាធារណៈ សម្រុកពន្លឿនយន្តការសំខាន់ៗជាច្រើន ទាំងយន្តការស្ថាប័នក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ និងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ


ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បាននឹងកំពុងពន្លឿនកិច្ចការងារ អាទិភាពជាច្រើនដោយមិនបង្អង់ដៃ តាមការបែងចែកតួនាទី និងភារកិច្ច និងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីជំរុញការងារ រៀបចំយន្តការស្ថាប័នក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈផង និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈជារួមផង។ ក្នុងនោះ កិច្ចប្រជុំជាច្រើន បានផ្តោតការគិតគូរលើកិច្ចការបទដ្ឋានគតិយុត្តិនានាដូចជា ការរៀបចំរចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងបទដ្ឋាននានានៃលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល ជាដើម។


បន្ថែមលើនេះ កិច្ចការបច្ចេកទេសជាអាទិភាពមួយចំនួនទៀត ក៏កំពុងមានការញាប់ដៃញាប់ជើងដូចគ្នាដែរដូចជា ការសិក្សា និងរៀបចំថ្នាលឌីជីថលសម្រាប់ជ្រើសរើសមន្ត្រីរាជការស៊ីវិលតាមរយៈការប្រឡង ការសិក្សាលើប្រព័ន្ធគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ការរៀបចំបណ្តាញស្វែងរកការងារជាមន្ត្រីរាជការស៊ីវិល និងការរៀបចំធ្វើទំនើបកម្មវិស័យមុខងារសាធារណៈផ្សេងៗទៀត ដើម្បីផ្តល់ជូនសាធារណជននូវភាពងាយស្រួល មានសមភាព និងសង្គតិភាពក្នុងការទទួលបានសេវាសាធារណៈ ។


សូមជម្រាបផងដែរថា ក្រៅពីការងារប្រចាំថ្ងៃដ៏មមាញឹក ក្រសួងមុខងារសាធារណៈបាន និងកំពុងយកចិត្តទុកដាក់យ៉ាងមុតស្រួចលើការងារកំណែទម្រង់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រី ដោយក្នុងនោះ ក្រសួងបានដាក់ទិសដៅការងារសំខាន់ៗចំនួន៣ គឺ៖ (១)អនុវត្តចក្ខុវិស័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី (២) ជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព ខ្លាំង ស្អាតស្អំ ឆ្លាតដើម្បីកសាងជំនឿចិត្តពីមហាជនមកលើរាជរដ្ឋាភិបាល (ឆ្ពោះទៅឆ្នាំ២០២៨) និង(៣) ចូលរួមចំណែកក្នុងការធ្វើទំនើបកម្ម ស្ថាប័នសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១