រដ្ឋមន្ត្រីមុខងារសាធារណៈ បង្ហាញឆន្ទៈក្នុងការពន្លឿនយន្តការប្រឡងមន្ត្រីរាជការថ្នាក់ជាតិឲ្យសម្រេចឆាប់រហ័ស
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការគាំទ្រឥតងាករេ លើគោលការណ៍នយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ តាមរយៈការប្រឡងជ្រើសរើសមន្ត្រីថ្នាក់ជាតិ តាមរយៈខ្លឹមសារដែលបានផ្សព្វផ្សាយលើគេហទំព័រហ្វឹសប៊ុកផ្លូវការរបស់ឯកឧត្តម។
ឯកឧត្តម បានរៀបរាប់ ក្នុងសំណេរនោះថា «ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសដោយបានក្លាយជាផ្នែកមួយ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចការកំណែទម្រង់វិស័យមុខងារសាធារណៈ។ ក្នុងន័យនេះ ខ្ញុំគាំទ្រឥតងាករេ លើប្រសាសន៍ និងគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងពន្លឿនយន្តការដ៏មានសារៈសំខាន់នេះ ឲ្យសម្រេចបានកាន់តែឆាប់រហ័ស។» ។
សំណេរនេះធ្វើឡើងក្រោយពេលដែលឯកឧត្តម បានចូលរួម និងបានស្តាប់ប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយសម្តេចធិបតី បានលើកឡើងថា “ដើម្បីធានាឱ្យមានសុគតិភាព ត្រូវរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រលងយន្តការថ្នាក់កណ្ដាល និងសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបានភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបានអ្នកចេះគឺជាប់ នេះជាគោលការណ៍របស់រដ្ឋាភិបាលថ្មី។” សម្តេចធិបតីក៏បានបន្ថែមផងដែរថា “ដើម្បីលុបបំបាត់ភាពអយុត្តិធម៌ក្នុងសង្គម និងមានតម្លាភាព ស្មើភាពគឺផ្ដើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ដោយបង្កើតផ្នត់គំនិតប្រកួតប្រជែងដោយភាពត្រឹមត្រូវ ជាជាងការប្រកួតប្រជែងពីខាងក្រោយ”។
គួរកត់សម្គាល់ផងដែរថា កន្លងមកការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ ត្រូវបានធ្វើឡើងតាមការជ្រើសរើស ដោយក្រសួងស្ថាប័នសាមីនិមួយៗ ដោយទើបតែថ្មីៗនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ រង់ចាំយន្តការថ្មីដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី ។
គួររំលឹកផងដែរថា សម្រាប់កិច្ចការកំណែទម្រង់វិស័យមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ធ្លាប់បានលើកឡើងក្នុងជំនួបជាមួយមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈថា ក្រសួងមុខងារសាធារណៈបានបានដាក់ទិសដៅការងារសំខាន់ៗចំនួន៣ គឺ៖ (១) អនុវត្តចក្ខុវិស័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី (២) ជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព ខ្លាំង ស្អាតស្អំ ឆ្លាតដើម្បីកសាងជំនឿចិត្តពីមហាជនមកលើរាជរដ្ឋាភិបាល (ឆ្ពោះទៅឆ្នាំ២០២៨) និង(៣) ចូលរួមចំណែកក្នុងការធ្វើទំនើបកម្ម ស្ថាប័នសាធារណៈ៕