ការប្រឡងជ្រើសរើសមន្ត្រីរាជការនឹងត្រូវធ្វើឡើងថ្នាក់ជាតិជារួមហើយឈរលើគោលការណ៍ “អ្នកចេះ គឺជាប់”


ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ​បានលើកឡើងថា នឹងរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រលងយន្តការថ្នាក់កណ្ដាល ដែលសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបាននូវសង្គតភាព ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបានអ្នកចេះគឺជាប់។


សម្តេចថ្លែងបែបនេះ​ បន្ទាប់ពីសម្តេចបានចេញបទបញ្ជាកាលពីថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ រង់ចាំយន្តការថ្មីដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី ​និងស្របពេលដែលសម្តេចបានបង្ហាញនូវវិស័យអាទិភាពដែលជាគន្លឹះ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧​ នាព្រឹកនេះ ដោយក្នុងនោះ វិស័យមុខងារសាធារណៈត្រូវបានរាប់បញ្ចូល​ ដើម្បីធ្វើការកែទម្រង់ ជាពិសេសតាមការប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលត្រូវបានរៀបចំជាថ្នាក់ជាតិរួមមួយ។ ​សម្តេចបានបន្ថែមថា «ដើម្បីលុបបំបាត់ភាពអយុត្តិធម៌ក្នុងសង្គម និងមានតម្លាភាព ស្មើភាពគឺផ្ដើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ដោយបង្កើតផ្នត់គំនិតប្រកួតប្រជែងដោយភាពត្រឹមត្រូវ ជាជាងការប្រកួតប្រជែងពីខាងក្រោយ… កំណែទម្រង់អាចប្រព្រឹត្តទៅបាន គឺពិតណាស់ចាំបាច់ត្រូវការចូលរួមទាំងអស់គ្នា ដោយមានផ្នត់គំនិតចិត្តជាប់គឺជាប់ដោយមោទនភាព បើធ្លាក់គឺធ្លាក់ដោយការអស់ចិត្ត»


បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកម្មវិធី ជាមួយគ្នានោះ និងបន្ទាប់ពីបានស្តាប់នូវប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីរួចមក ឯកឧត្តម ហ៊ុន​ ម៉ានី រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​ បានបង្ហាញការគាំទ្រឥតងាករេ លើគោលការណ៍នយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យ មុខងារសាធារណៈ​ តាមរយៈការប្រឡងជ្រើសរើសមន្ត្រីថ្នាក់ជាតិ តាមរយៈខ្លឹមសារដែលបានផ្សព្វផ្សាយលើគេហទំព័រហ្វឹសប៊ុកផ្លូវការរបស់ឯកឧត្តម។


គួររំលឹកផងដែរថា​ ឯកឧត្តម ហ៊ុន ម៉ានី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ធ្លាប់បានលើកឡើងក្នុងជំនួបជាមួយមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ​ថា ក្រសួងមុខងារសាធារណៈ​បានបានដាក់ទិសដៅការងារសំខាន់ៗចំនួន៣ គឺ៖ (១)​អនុវត្តចក្ខុវិស័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី (២)​ ជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព ខ្លាំង ស្អាតស្អំ ឆ្លាតដើម្បីកសាងជំនឿចិត្តពីមហាជនមកលើរាជរដ្ឋាភិបាល (ឆ្ពោះទៅឆ្នាំ២០២៨) និង(៣) ចូលរួមចំណែកក្នុងការធ្វើទំនើបកម្ម ស្ថាប័នសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១