ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ ទូទាំងប្រទេស ដើម្បីបើកទំព័រការងារថ្មី
នាព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈទូទាំងប្រទេសសរុបចំនួនប្រមាណជិត១០០០ នាក់។
ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានបំពេញភារកិច្ចរបស់ខ្លួន ឈានទៅសម្រេចបានសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់សម្រាប់វិស័យមុខងារសាធារណៈរបស់កម្ពុជា។ ជាងនេះទៅទៀត ឯកឧត្តមបានបង្ហាញអំពីសារៈសំខាន់នៃវិស័យមុខងារសាធារណៈដែលជាវិស័យស្នូលសំខាន់មួយមិនអាចខ្វះបានសម្រាប់និរន្តរភាពរបស់ជាតិ។
ឯកឧត្តម បានបន្ថែមទៀតផងដែរថា កិច្ចការដែលយើងនឹងត្រូវធ្វើបន្ត គឺជាការអនុវត្តការងារស្របតាមទស្សនវិស័យរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលបទពិសោធន៍ល្អៗ និងសមិទ្ធផលការងារដែលសម្រេចបាន ជាមួយកិច្ចការកំណែទម្រង់ថ្មីៗបន្ថែមទៀត។
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ នាព្រឹកនេះបានបញ្ចប់ប្រកបដោយភាតរភាព និងសាមគ្គីភាព ដែលជាសញ្ញាណល្អឆ្ពោះទីកាន់ការបន្តបេសកកម្មរបស់យើងទាំងអស់ឲ្យកាន់តែស្វាហាប់។