ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គាំទ្រសកម្មភាពអភិរក្សសត្វដំរីរបស់សមាគមអៃរាវត្តា


(ភ្នំពេញ)៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ កាលពីរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីរាត្រីសមោសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៥ នៃសមាគមអភិរក្សដំរីអៃរាវត្តា (Airavata Elephant Foundation)នៅសណ្ឋាគារសាន់ អែន មូន រីវើសាយ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងវិស័យឯកជនមួយចំនួនផងដែរ។


បន្ទាប់ពីមតិស្វាគមន៍របស់លោកស្រី ចិន្តា ក្លាខៃ ប្រធានសមាគមអភិរក្សដំរីអៃរាវត្តារួចមក ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា ដែលជាសហប្រធាននៃពិធីបានថ្លែងសន្ទរកថាបើកកម្មវិធី ដោយលោកបានថ្លែងអំណរគុណចំពោះសមាគមអភិរក្សដំរីអៃរាវត្តាដែលបានពុះពារការលំបាកក្នុងថែរក្សាសត្វដំរី គឺជាចំណែកមួយនៃការថែរក្សាវប្បធម៍ជាតិខ្មែរ ព្រោះថានៅប្រទេសកម្ពុជាសត្វដំរីបានផ្សារភ្ជាប់ជាមួយប្រវត្តិសាស្រ្ត ជាមូយទឹកដី និងប្រជាជនខ្មែរ តាំងតែពីដើមយូរអង្វែងតរៀងមក។ ហេតុនេះការចូលរួមចំណែកថែរក្សាការពារ ការអភិរក្សសត្វដំរី ជាតួនាទីរបស់យើងទាំងអស់គ្នាដែលចង់ឃើញភាពគង់វង្សនៃសត្វដំរី។ ឯកឧត្ដមគូសបញ្ជាក់ថា ការថែរក្សាសត្វដំរី គឺដូចជាការថែរក្សា អភិរក្សវប្បធម៍ដែលជាតម្លៃរួមរបស់យើងទាំងអស់។ យើងអាចការពារ និងអភិរក្សសត្វដំរីបានដោយសារប្រទេសយើងមានសុខសន្តិភាព ក៏ដូចជានៅថ្ងៃនេះយើងអាចរៀបចំកម្មវិធីនេះបាន ដោយសារតែគុណតម្លៃនៃសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព ក្រោមមគ្គុទេសក៍ភាពដ៏ថ្លៃថ្លាខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមគ្គុទេសក៍ភាពនេះត្រូវបានបន្តវេនដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំពោរពេញដោយកិត្តិយសឧឡារិកបំផុតរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះតទៅ។


នាពេលបច្ចុប្បន្ន នៅប្រទេសកម្ពុជាយើងមានដំរីអាស៊ីរស់នៅប្រមាណចន្លោះត្រឹមតែពី៤០០ ទៅ៦០០ក្បាលតែប៉ុណ្ណោះ។ ដំរីទាំងនោះ ភាគច្រើនរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាប ខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបខាងកើត ដែលជាតំបន់ជីវៈចម្រុះ ប្រព័ន្ធអេកូទ្បូស៊ី ដ៏សម្បូរបែប និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃដទៃទៀត។


សូមបញ្ជាក់ថា សមាគមអភិរក្សដំរីអៃរាវត្តា (Airavata Elephant Foundation) មានទីតាំងស្ថិតនៅខេត្តរតនគិរី ជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី ដើម្បីអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១