ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន មុនការចេញទៅសិក្សានៅប្រទេសជប៉ុន


(រាជធានីភ្នំពេញ)៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួង បានអនុញ្ញាតឱ្យជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនសម្រាប់ឆ្នាំ២០២៤ ចំនួន ១៧នាក់ (ស្រី១០នាក់) ជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំមុនការចេញដំណើរទៅសិក្សានៅប្រទេសជប៉ុននាពេលខាងមុខ។


បន្ទាប់ពីការសម្តែងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានទទួលជោគជ័យប្រលងជាប់ទទួលអាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសជប៉ុន និងការចែករំលែកបទពិសោធន៍ នៃការបំពេញភារកិច្ច ព្រមទាំងការរៀនសូត្រពីការងារជាក់ស្តែងរយៈពេលជាង៤ទសវត្ស ក្នុងរដ្ឋបាលសាធារណៈរួចមក ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា បានបង្ហាញពីវឌ្ឍនភាពនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ទោះជាមានការប្រឈមយ៉ាងណាក្តី ក៏ក្រសួងមុខងារសាធារណៈបានចូលរួមអនុវត្តយ៉ាងសកម្ម និងប្រកបដោយនវានុវត្តន៍ នូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទេសន៍ដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។


ផ្អែកលើបទពិសោធន៍នៃការតស៊ូជំនះពុះពារការលំបាកឧបសគ្គកន្លងមក កាន់តែបញ្ជាក់ច្បាស់ពីតម្លៃសុខសន្តិភាព និងបានបង្ហាញឱ្យឃើញពីភាពចាំបាច់នៃការលើកកម្ពស់សមត្ថភាពមន្រ្តីរាជការ និងការកសាងធនធានមនុស្សសម្រាប់សង្គមជាតិ ដើម្បីរក្សាស្ថិរភាព និងពង្រឹងភាពធន់នៃវិស័យសាធារណៈ ត្រៀមលក្ខណៈសម្បត្តិល្អប្រសើរ ចូលរួមគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះក៏ជាកំលាំងចលករដើម្បីធ្វើជាស្នូលឱ្យចលនារួមសំដៅជំរុញសកម្មភាពនៅទូទាំងប្រទេស បន្តរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់កូនចៅយើងគ្រប់ជំនាន់តរៀងទៅ។


ចុងបញ្ចប់នៃពិធីសំណេះសំណាលនេះ ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា បានផ្តាំផ្ញើចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវក្តាប់ជាប់ឱកាសទទួលបានពីការអប់រំដ៏ថ្លៃថ្លានេះ ដោយត្រូវខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញពិតប្រាកដដែលអាចប្រើប្រាស់បានក្នុងជីវិតការងារសម្រាប់ជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយដើម្បីវិលត្រឡប់មកបម្រើជាតិមាតុភូមិ និងប្រជាជនយើងវិញឱ្យបានប្រសើរថ្លៃថ្លាថែមទៀត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១