ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ


(កំចាយមារ-ព្រៃវែង)៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើបាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅខេត្តព្រៃវែង។


បន្ទាប់ពីការស្វាគមន៍ដ៏កក់ក្តៅរបស់លោក មាស ធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមាររួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមផ្តល់បាឋកថាដ៏ជក់ចិត្ត ស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដោយប្រមូលផ្តុំមាតិកាសំខាន់ៗចំនួន ៥ រួមមាន៖ ទី១. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ទី២. គុណាធិបតេយ្យ ទី៣. កំណែទម្រង់រដ្ឋបាលសាធារណៈ ទី៤. តួនាទីរបស់រដ្ឋាភិបាល និងទី៥. សេចក្តីសន្និដ្ឋាន។


ឯកឧត្តមរដ្ឋមន្ត្រីដែលជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈបានលើកឡើងថា ភាពជាអ្នកដឹកនាំ (Leadership) គឺជាសិល្បៈនៃការគិត និងការសម្រេច ជាពិសេសនៅក្នុងកាលៈទេសៈលំបាកបំផុតដែលមនុស្សគ្រប់រូបចាំបាច់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មិនថាមន្រ្តីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត កម្មករ កសិករ ព្រះសង្ឃ ឬប្រជាពលរដ្ឋនោះទេ ដើម្បីដឹកនាំជីវិតឆ្ពោះទៅកាន់គោលដៅរៀងៗខ្លួន។ តាមរយៈការធ្វើបាឋកថានេះ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់ដោយលើកឡើងពីករណីសិក្សាមួយចំនួនក្នុងពិភពលោកជុំវិញភាពជាអ្នកដឹកនាំ ជាពិសេសករណីសិក្សាក្នុងប្រទេសកម្ពុជា គឺភាពជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយនវានុវត្តន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំនាវាកម្ពុជារួចចាកផុតពីសង្គ្រាមឆ្ពោះមកកាន់សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពមកដល់សព្វថ្ងៃ នាំឲ្យកម្ពុជាមានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។


ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា សង្ឃឹមយ៉ាងមុតមាំថា តាមរយៈបាឋកថាពេញមួយថ្ងៃនេះមក នឹងក្លាយជាគតិសម្រាប់ការត្រិះរិះពិចារណា រួមចំណែកជួយដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់អាចប្រើប្រាស់ដើម្បីជាប្រយោជន៍នៃការកសាងអាជីព កសាងជីវិត និងអនាគតរៀងៗខ្លួន។


សូមជម្រាបជូនថា នេះជាបាឋកថាលើកទី១៩របស់ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ហើយសម្រាប់ឆ្នាំ២០២៣នេះ ដែលលោកបានចែករំលែកចំណេះដឹង បទពិសោធន៍ជីវិត និងការងាររបស់លោកជូនដល់មន្រ្តីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងព្រះសង្ឃនៅតាមសាកលវិទ្យាល័យនិងគ្រឹះស្ថានអប់រំនានាចំនួនប្រមាណជិត ១០០០០ អង្គ/នាក់រួចមកហើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១