ឯកឧត្ដម​រដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ


(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ។


ពិធីនេះបានប្រព្រឹត្តទៅនៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង សរុបមានអ្នកចូលរួមចំនួនប្រមាណជាង ៣០០នាក់។


យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសមានមន្ត្រីរាជការក្រសួងមុខងារសាធារណៈចំនួន៦៨រូប ត្រូវបានទទួលការតែងតាំង និងប្រគល់ភារកិច្ចតាមឋានានុក្រមរាប់ចាប់តាំងពីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក រហូតដល់ ប្រធានការិយាល័យក្នុងប្រអប់តាមរចនាសម្ព័ន្ធដែលមានស្រាប់បច្ចុប្បន្នរបស់ក្រសួងមុខងារសាធារណៈ។


ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា បានសម្តែងការកោតសរសើរចំពោះមន្រ្តីរាជការទាំងអស់របស់ក្រសួងមុខងារ សាធារណៈដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញការងារ និងមានភាពជាអ្នកដឹកនាំប្រកបដោយនវានុវត្តន៍ ដោយយកគំរូតាមមគ្គុទេ្ទសភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការរក្សាសិ្ថរភាព និរន្តរភាពរដ្ឋបាលសាធារណៈតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗនិងការធ្វើកំណែទម្រង់ជាបន្តបន្ទាប់។


ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជំរុញលើកទឹកចិត្តដល់មន្រ្តីទទួលតំណែងថ្មី ត្រូវពង្រីកសមត្ថភាព និងគុណភាពស្នាដៃការងាររបស់ខ្លួនជាបន្តទៀត ឱ្យសក្តិសមនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ សំដៅរួមចំណែកកសាងសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១