ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ធ្វើបាឋកថា ស្តីពី«ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សាស្រ្តាចារ្យ មន្រ្តីរាជការ និងនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ


(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើបាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សាស្រ្តាចារ្យ មន្រ្តីរាជការ និងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។


ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុមុខដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រី្តរាជការក្រសួងមុខងារសាធារណៈ ព្រមទាំងគណ:គ្រប់គ្រង សាស្ត្រាចារ្យ មន្រ្តីរាជការ និស្សិត និងសង្ឃនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សរុបជាង ៧០០ អង្គ/នាក់។


បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមផ្ដល់បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ដោយប្រមូលផ្តុំលើមាតិកាសំខាន់ៗចំនួន ៥ រួមមាន៖ ទី១. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ទី២. គុណាធិបតេយ្យ ទី៣. កំណែទម្រង់រដ្ឋបាលសាធារណៈ ទី៤. តួនាទីរបស់រដ្ឋាភិបាល និងទី៥. សេចក្តីសន្និដ្ឋាន។


ឯកឧត្តមរដ្ឋមន្ត្រីដែលជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈបានលើកឡើងថា វប្បធម៌មានតម្លៃណាស់ ហើយវប្បធម៌ជាឬសកែវនៃភាពជាអ្នកដឹកនាំ (Leadership)។ សារៈប្រយោជន៍នៃភាពជាអ្នកដឹកនាំ គឺសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅរបស់មនុស្ស ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានភាពជាអ្នកដឹកនាំ មិនថា មន្រ្តីរាជការ កម្មករ កសិករ សិស្ស និសិ្សត និងប្រជាពលរដ្ឋគ្រប់រូបតស៊ូរៀនសូត្រ ប្រកបរបររកស៊ីបំរើការងារតាមកម្លាំងកាយ និងប្រាជ្ញា ដើម្បីដឹកនាំជីវិតជំនះការលំបាក និងឧបសគ្គរៀងៗខ្លួន។


តាមរយៈការធ្វើបាឋកថានេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ដោយលើកឡើងពីករណីសិក្សាមួយចំនួនដែលកើតមានក្នុងពិភពលោកជុំវិញភាពជាអ្នកដឹកនាំ ជាពិសេសនៅក្នុងប្រទេសកម្ពុជាគឺភាពជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំប្រទេសកម្ពុជារួចចាកផុតពីសង្គ្រាម ពីការបែកបាក់ជាតិ នាំសង្គមជាតិកម្ពុជា មកកាន់សុខសន្តិភាព ឯកភាពជាតិ និងមានការអភិវឌ្ឍ ប្រកបដោយវិបុលភាពនាពេលបច្ចុប្បន្ននេះ។


ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា សង្ឃឹមយ៉ាងមុតមាំថា តាមរយៈបាឋកថាដែលបានចែករំលែកនេះ នឹងបានក្លាយជាគតិសម្រាប់ការត្រិះរិះពិចារណា រួមចំណែកជួយដល់និស្សិតទាំងអស់ដែលបានចូលរួមនៅពេលនេះ អាចប្រើប្រាស់ដើម្បីជាប្រយោជន៍នៃការកសាងអាជីព កសាងជីវិត និងអនាគតរបស់ខ្លួនបាន។


សូមជម្រាបជូនថា នេះជាបាឋកថាលើកទី១៥របស់ឯកឧត្តមរដ្ឋមន្រ្តីហើយសម្រាប់ឆ្នាំ២០២៣នេះ ដែលលោកបានចែករំលែកចំនេះដឹងរបស់លោកដល់សិស្ស និស្សិត មន្រ្តីរាជការ នៅតាមសកលវិទ្យាល័យនានាចំនួនប្រមាណជិត៦ពាន់ អង្គ/នាក់រួចមកហើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១