ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងបូជាសព លោកវេជ្ជបណ្ឌិត ទិត វុទ្ធី ដែលត្រូវជាកូនប្រសារ លោកជំទាវវេជ្ជបណ្ឌិត ព្រុំ ឆោមសាយឿន
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមញាតិគ្រួសារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត ទិត វុទ្ធី អនុប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដែលត្រូវជាកូនប្រសារ លោកជំទាវវេជ្ជបណ្ឌិត ព្រុំ ឆោមសាយឿន ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ។
បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធរួចមក ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមុខងារសាធារណៈ ព្រមទាំងក្រុមញាតិគ្រួសារនៃសពបានចូលរួមបុណ្យសពតាមកិច្ចនៃប្រពៃណីព្រះពុទ្ធសាសនារួចបានប្រារព្ធពិធីដង្ហែដោយថ្មើរជើងចេញពីគេហដ្ឋាននៅក្នុងបុរីហាយតិច សង្កាត់និរោធ ខណ្ឌច្បារអំពៅ រហូតទៅដល់ឈាបនដ្ឋាន ស្ថិតនៅក្នុងវត្តជ្រោយអំពិល ស្រុកគៀនស្វាយ ខេត្តកណ្តាល។
មរណភាពរបស់លោកវេជ្ជបណ្ឌិត ទិត វុទ្ធី គឺជាការបាត់បង់កូន កូនប្រសារ ស្វាមី ឪពុក ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់ ដែលជានិច្ចកាលតែង បានលះបង់ខ្ពស់ទាំងកម្លាំងកាយ ចិត្ត និងបញ្ញាស្មារតីក្នុងការបីបាច់ថែរក្សាគ្រួសារជាទីស្រឡាញ់និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការងារមនុស្សធម៌ ហើយក៏ជាការបាត់បង់យ៉ាងធំធេងនូវកម្ពុជបុត្រល្អ បាត់បង់វេជ្ជបណ្ឌិតដ៏សកម្មមួយរូបដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមចំណែកកសាងគុណធម៍វិជ្ជាជីវ:សុខាភិបាលសម្រាប់សង្គមជាតិ៕