ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ធ្វើបាឋកថា ស្តីពី«ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ


(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើបាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។


ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC សិ្ថតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ព្រមទាំង គណ:គ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិត សង្ឃនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបមានអ្នកចូលរួមចំនួនជិត ៧០០ អង្គ/នាក់។


បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមធ្វើបទបង្ហាញពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ដោយប្រមូលផ្តុំលើមាតិកាសំខាន់ៗចំនួន ៥ រួមមាន១. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ២. គុណាធិបតេយ្យ ៣. កំណែទម្រង់រដ្ឋបាលសាធារណៈ ៤. តួនាទីរបស់រដ្ឋាភិបាល និង៥. សេចក្តីសន្និដ្ឋាន។


ឯកឧត្តមរដ្ឋមន្ត្រី ដែលជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានសង្កត់ធ្ងន់ថា ភាពជាអ្នកដឹកនាំ (Leadership) គឺជាសិល្បៈនៃការគិត និងការសម្រេច។ សារៈប្រយោជន៍នៃភាពជាអ្នកដឹកនាំ គឺសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅរបស់មនុស្សទាំងអស់ មិនថា មន្រ្តីរាជការ កម្មករ កសិករ សិស្ស និសិ្សត និងប្រជាពលរដ្ឋគ្រប់រូបតស៊ូ រៀនសូត្រ ប្រកបរបររកស៊ី បំរើការងារតាមសម្មាអាជីវោ ដើម្បីដឹកនាំជីវិត ជំនះការលំបាក និងឧបសគ្គរៀងៗខ្លួន។


ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកដោយផ្សាភ្ជាប់ទ្រឹស្តីនៃការសិក្សា ជាមួយបទពិសោធន៍ការងារជាក់ស្តែងមួយចំនួនដែលលោកផ្ទាល់បានឆ្លងកាត់ក្នុងនាមជាមន្ត្រីរដ្ឋបាលបម្រើការងារសាធារណៈ រយៈពេល ជាង៤០ឆ្នាំកន្លងមក ពិសេស៣ឆ្នាំចុងក្រោយ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានពុះពារជំនះដោះស្រាយការលំបាកស្មុគស្មាញបង្កដោយកូវីដ-១៩ ជម្រុញការងារក្នុងស្មារតីបុរេសកម្ម ប្រកបដោយនវានុវត្តន៍ដំណើរការជាប្រក្រតី មានភាពធន់ រលូន ដើរទាន់ការវិវត្តប្រែប្រួលសភាពការណ៍នៃសម័យកាល។


តាមរយៈការធ្វើបាឋកថានេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ច្បាស់ពីវឌ្ឍនភាពថ្មីៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមមគ្គុទ្ទេសក៍ផ្ទាល់ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជារួចចាកផុតពីសង្គ្រាម ពីការបែកបាក់ជាតិ នាំសង្គមជាតិកម្ពុជា មកកាន់សុខសន្តិភាព ឯកភាពជាតិ និងមានការអភិវឌ្ឍ ប្រកបដោយវិបុលភាព តាំងពីក្រោយថ្ងៃ៧ មករា ១៩៧៩ ដរាបតរៀងមកដល់បច្ចុប្បន្ននេះ។


ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដឹកនាំចលនាជាតិ ប្រយុទ្ធឈ្នះកូវីដ កំពុងខិតខំស្តារសេដ្ឋកិច្ច ជីវភាពសង្គមជាតិ ឱ្យងើបឡើង មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ រហូតដល់កម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យត្រចះត្រចង់ និងថ្មីៗនេះ កម្ពុជាបានបង្ហាញស្នាដៃដ៏មហាអស្ចារ្យពោរពេញដោយមោទនភាពជាតិក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំក្រៃលេង ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ទាំងនេះ ជាសក្ខីភាពយ៉ាងប្រត្យក្សជាក់ស្តែងចេញពីផ្លែផ្កានៃមគ្គុទ្ទេសភាព ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកែទម្រង់ សេដ្ឋកិច្ច នយោបាយកម្ពុជាប្រកបដោយនវានុវត្តន៍ដ៏ពិតប្រាកដ។


ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបាឋកថាចែករំលែកនេះ នឹងបានក្លាយជាគតិសម្រាប់ការត្រិះរិះពិចារណា រួមចំណែកជួយដល់និស្សិតដែលចូលរួមស្តាប់ទាំងអស់អាចប្រើប្រាស់ដើម្បីជាប្រយោជន៍នៃការកសាងជីវិត កសាងវាសនាអនាគតរបស់ខ្លួន និងមាតុភូមិ កម្ពុជាជាទីស្នេហា។


សូមជម្រាបជូនថា នេះជាបាឋកថាទី១៣របស់ឯកឧត្តមរដ្ឋមន្រ្តី ហើយសម្រាប់ឆ្នាំ២០២៣នេះ ដែលលោកបានចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារជូនដល់សិស្ស និស្សិត មន្រ្តីរាជការនៅតាមសាកលវិទ្យាល័យ និងស្ថាប័នរដ្ឋនានាចំនួនប្រមាណ៥ពាន់នាក់រួចមកហើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១