ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា និងក្រុមញាតិប្រារព្ធពិធីបុណ្យគម្រប់ខួប៧ថ្ងៃឧទ្ទិសកុសលជូនឧបាសក ចាន់ ជី ដែលត្រូវជាឪពុកចិញ្ចឹមរបស់ឯកឧត្តម


(រាជធានីភ្នំពេញ​)៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមញាតិបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់ឧបាសក ចាន់ ជី ដែលត្រូវជាឪពុកចិញ្ចឹមរបស់ឯកឧត្តម ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២១:៤០ នាទី ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។


ពិធីបុណ្យនេះ បានប្រារព្ធធ្វើឡើងនៅគេហដ្ឋានស្ថិតនៅក្នុងបុរីហាយធិច២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកជំទាវ សាយ ចាន់ណាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ព្រមទាំងសាច់ញាតិជិតឆ្ងាយផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១