ក្រសួងមុខងារសាធារណៈ រៀបចំពិធីសូត្រមន្តបង្សុកូល សម្តែងរបាំត្រុដិ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ


(ភ្នំពេញ)៖ ក្នុងឱកាសទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ នាព្រឹកថ្ងៃចន្ទ ៥ រោច ខែចេត្រ ឆ្នាំខាល នព្វស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងមុខងារសាធារណៈ បាននិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្តដែលបានប្រព្រឹត្តទៅ នៅទីស្តីការក្រសួងមុខងារសាធារណៈ ។


ក្នុងពិធីនេះ ក្រសួងមុខងារសាធារណៈ បាននិមន្តព្រះសង្ឃ មកពីវត្តអង្គតាមិញ ដើម្បីសូត្រមន្ត ប្រោះព្រហ្មពរជ័យ និងសូមទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី (បុត្រទី៦)តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាជន។


បន្ទាប់ពីពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត រួចហើយ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងមុខងារសាធារណៈបានទស្សនាការសម្តែងសិល្បៈរបាំត្រុដិ ដើម្បីជម្រុះនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចមន្រ្តីរាជការក្រសួងមុខងារសាធារណៈទាំងអស់ ដែលបានមកចូលរួមក្នុងពិធីសូត្រមន្តនេះ និងដើម្បីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងមន្ត្រីរាជការ ដែលមានស្នាដៃចំពោះស្ថាប័ន ហើយបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។


ទន្ទឹមនឹងការទស្សនាការសម្តែងរបាំត្រុដិ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់សិល្បករ សិល្បការិនីរបាំត្រុដិ ក៏ដូចជាអ្នកចូលរួមទាំងអស់ ឲ្យចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរឲ្យបានគង់វង្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់ និងដឹងពីស្នាដៃនិងតម្លៃរួមរបស់បុព្វបុរសជំនាន់មុន ក៏ដូចជាសមិទ្ធផលសង្គមជាតិ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ជាគ្រឹះរឹងមាំសំរាប់សុខសន្តិភាព និងវឌ្ឍនភាពរបស់កូនចៅជំនាន់ក្រោយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១