ក្រសួងមុខងារសាធារណៈ ប្រារព្ធបើកសន្និបាតបូកសរុបសមទ្ធិផលការងារ៥ឆ្នាំ (២០១៨-២០២២ ) និងលើកទិសដៅការងារបន្ត


(ភ្នំពេញ)៖​ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបសមទ្ធិផលការងារឆ្នាំ (២០១៨-២០២២) និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅ រយៈពេល១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣។


ពិធីនេះបានប្រព្រឹត្តទៅ នៅសាលាភូមិន្ទរដ្ឋបាល ដែលមានការចូលរួមដោយផ្ទាល់ និងតាមអនឡាញ ពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង សា្ថប័ន និងរាជធានី ខេត្ត និងជាអនុប្រធាននិងសមាជិកគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញអង្គភាពក្រោមឱវាទ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត សរុបចំនួនជិត៥០០នាក់។


ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ជាមួយបេសកកម្ម និងភារកិច្ចទទួលខុសត្រូវដ៏ធ្ងន់ធ្ងរប្រកបដោយកិត្តិយសរបស់ខ្លួន ដែលជានិច្ចកាលស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងដោយផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារ សាធារណៈ ខិតខំពុះពារសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដូចខាងក្រោម៖


ទី១. ការគ្រប់គ្រងវិស័យមុខងារសាធារណៈ ត្រូវបានកែលម្អជាលំដាប់ តាមរយៈការត្រួតពិនិត្យចំណុចដែលនៅសេសសល់ក្នុងនីតិវិធីនៃការអនុវត្តច្បាប់និងលិខិតបទដ្ឋាននានាកន្លងមក ជាអាទិ៍ការសិក្សាលើការធ្វើវិសោធនកម្មច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ការកែសំរួល កែលម្អ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងរៀបចំតាក់តែងលិខិតូបករណ៍ថ្មី ដូចជាការរៀបចំសេចក្តីណែនាំស្តីពីការប្រឡងជ្រើសរើសមន្រ្តីរាជការចូលក្របខ័ណ្ឌថ្មី សេចក្តីណែនាំស្តីពីនីតិវិធីនៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ។ល។ ក្រសួងមុខងារសាធារណៈបានរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការប្រលងជ្រើសរើសមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងត្រូវបានជំរុញបញ្ចប់ដំណើរការពិគ្រោះយោបល់ដើម្បីដាក់ឆ្លងការពិនិត្យសម្រេចរបស់គណៈរដ្ឋមន្រ្តី។ ក្រសួងមុខងារសាធារណៈបានបញ្ចប់ការសិក្សាគម្រោងមូលនិធីគាំពារសុខុមាលភាពមន្ត្រីរាជការដើម្បីស្នើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល។ ទន្ទឹមនោះ ក្រសួងមុខងារសាធារណៈបានប្រមូលផ្តុំ បង្កើនសមត្ថភាពអភិវឌ្ឍផ្នែករឹងនិងផ្នែកទន់នៃប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការតាមព័ត៌មានវិទ្យា (HRMIS) និងបានយកចិត្តទុកដាក់ពង្រឹងអធិការកិច្ចមុខងារសាធារណៈ និងបានពង្រីកទំនាក់ទំនងអន្តរជាតិលើវិស័យមុខងារសាធារណៈ។ល។


ទី២. ការកែសម្រួលរចនាសម្ព័ន្ធ និងការកំណត់ឡើងវិញមុខងាររបស់អង្គភាព និងស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្រួលសង្គតិភាពសកម្មភាព និងប្រសិទ្ធភាពការងារ។ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងរចនាសម្ព័ន្ធជាយន្តការគាំទ្រ ត្រូវបានរៀបចំកែសម្រួលបំពេញបន្ថែមឱ្យស្របតាមគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល។ ដោយឡែក នៅទីស្តីការក្រសួងមុខងារសារធារណៈ យើងបានរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់អង្គភាពចំណុះក្រសួង ដោយបានបង្កើតថ្មីនូវអគ្គនាយកដ្ឋានកិច្ចការទូទៅ (នាយកដ្ឋាននីតិកម្ម នាយកដ្ឋានទំនាក់ទំនងសាធារណៈ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ…) អគ្គនាយកដ្ឋាន IT (នាយកដ្ឋានផែនការនិងស្ថិតិមន្រ្តីរាជការ នាយកដ្ឋានគ្រប់គ្រងបៀវត្សមន្រ្តីរាជការមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ និងបណ្តុះបណ្តាល IT…)។ ទន្ទឹមនោះ យើងបានបង្កើតថ្មីនូវនាយកដ្ឋានគាំពារសុខុមាលភាពមន្រ្តីរាជការចំណុះអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធាណៈ និងបង្កើតនាយកដ្ឋានមួយចំនួនទទួលបន្ទុកអធិការកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងនាយកដ្ឋានដោះស្រាយវិវាទមុខងារសាធារណៈចំណុះអគ្គាធិការដ្ឋាន។ល។


ទី៣. ការប្រើប្រាស់បច្ចេកវិទ្យាទំនើបឌីជីថលតាមរយៈម៉ាស៊ីនហាតវែរថ្មី សម្រាប់អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការតាមព័ត៌មានវិទ្យា (HRMIS) បានលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ ការបើកប្រាក់បៀវត្ស ការរៀបចំឡើងវិញនូវប្រព័ន្ធគ្រប់គ្រងសលាកបត្រព័ត៌មាន ការចូលនិវត្តន៍របស់មន្រ្តីរាជការ ការគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា និងប្រភេទបុគ្គលិកអណ្តែតដទៃទៀត។ ទន្ទឹមនោះ យើងក៏បានអភិវឌ្ឍប្រព័ន្ធនេះសម្រាប់គោលដៅផ្សេងទៀត រួមមាន៖ ការរៀបចំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការប្រភេទថ្មី ជាទម្រង់ស្មាតកាត (Smart Card) ដែលអាចប្រើប្រាស់បានជាអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការផង និងជាប័ណ្ណអេធីអឹមសម្រាប់បើកប្រាក់បៀវត្សផង។ បន្ទាប់មក យើងបានដាក់ឱ្យដំណើរការកម្មវិធីផ្សេងទៀតដែលអាចឱ្យមន្រ្តីរាជការប្រើប្រាស់ជាមធ្យោបាយសម្រាប់ការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន ដូចជា កម្មវិធី Mobile App (MCS Mobile) ជាដើម។ល។


ទី៤. ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់មន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា មន្រ្តីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្តីភូមិ ត្រូវបានបើកផ្តល់ជាទៀងទាត់ ទោះបីមិនត្រូវបានដំឡើង ប៉ុន្តែប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភមិនត្រូវបានកាត់បន្ថយឡើយ។ ឯការផ្តល់ប្រាក់ឧបត្ថម្ភជូនមន្រ្តីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅរក្សាទុកជាធម្មតាដដែល។ សម្រាប់ឆ្នាំ២០២៣ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភទាំងអស់ត្រូវបានដំឡើងជាធម្មតាឡើងវិញ។


ទី៥. ការកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ និងសមត្ថភាពស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបើកវគ្គបណ្តុះបណ្តាល សិក្ខាសាលា កិច្ចប្រជុំផ្សេងៗក្នុងប្រទេស និងការបញ្ជូនមន្រ្តីរាជការទៅទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសត្រូវបានធ្វើឡើងជាប្រចាំឥតមានអាក់ខាន ពិសេសក្នុងអំឡុងពេលដែលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ យើងបានពុះពាររៀបចំវគ្គសិក្សា និងកិច្ចប្រជុំនានា តាមប្រព័ន្ធអនឡាញ។


សមិទ្ធផលសំខាន់ៗដូចបានជម្រាបជូនខាងលើនេះ ត្រូវបានលោករដ្ឋមន្រ្តីអះអាងថាបាន កើតឡើងដោយកម្លាំងសាមគ្គី របស់មន្រ្តីរាជការក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខក្នុងការពុះពារកសាងភាពធន់ ដើម្បីប្រឈមចំពោះការលំបាឧបសគ្គ និងផលវិបាកនានា ពិសេសផលប៉ះពាល់ដែលជាវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩និងការចូលរួមរបស់ អតិថិជននៃសេវាសាធារណៈគឺប្រជាពលរដ្ឋក្នុងការកសាងកែលំអរអភិបាលកិច្ចមុខងារសាធារណៈ។


អង្គសន្និបាតបន្តដំណើរការងារ នឹងបញ្ចប់នៅព្រឹកស្អែកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ ដោយមានវត្តមានជាអធិបតីភាពអញ្ជើញបិទសនិ្នបាត របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១