ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញផ្តល់បាឋកថាស្តីពី “ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ” ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា


(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានផ្ដល់បាឋកថា ចែករំលែកបទពិសោធន៍ និងចំណេះដឹង ស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាល សាធារណៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ប្រមាណ៥០០នាក់។


តាមរយៈបាឋកថា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនអ្នកចូលរួមទាំងអស់អំពីសារៈសំខាន់នៃភាព ជាអ្នកដឹកនាំសម្រាប់បុគ្គលគ្រប់រូប មិនថាជាកសិករ ដែលតែងតែត្រូវការប្រើប្រាស់វា ដើម្បីដឹកនាំជីវិត និងការងាររបស់ពួកគេរៀងៗខ្លួន។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកពិសោធន៍ការងារដែលលោកបានឆ្លងកាត់ ក្នុងនាមជាអ្នករដ្ឋបាលបម្រើការងារតាំងពីមន្ត្រីរហូតដល់បច្ចុប្បន្ន និងតែងប្រើប្រាស់ចំណេះដឹង និងភាពជាអ្នកដឹកនាំ ដើម្បីដោះស្រាយការងារឱ្យមានភាពរលូន ដើរទាន់ចរន្តសកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល។


តាមរយៈនៃការធ្វើបាឋកថានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឆ្លៀតជម្រាបជូនពីវឌ្ឍនភាពថ្មីៗនៃកំណែទម្រង់ រដ្ឋបាលសាធារណៈ ក្រោមមគ្គុទេសក៍ដឹកនាំផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជាដើរចេញពីសង្គ្រាម ពីការបែកបាក់ទឹកដី ពិសេសធ្វើឱ្យកម្ពុជាទទួលបានមកវិញនូវសុខសន្តិភាព ឯកភាពជាតិ និងមានការអភិវឌ្ឍ។


ក្នុងមតិស្វាគមន៍ និងមតិបញ្ចប់ពិធី ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានធ្វើការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់បាឋកថាចែករំលែកបទពិសោធន៍ស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យដែលជាប្រធានបទថ្មីមួយ និងមានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ សិស្ស និងនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីជាមូលដ្ឋានតម្រង់ផ្លូវជីវិតប្រចាំថ្ងៃ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១