ក្រុមការងារ​​ខេត្ត​ក្រចេះ ​ចុះស្ទាបស្ទង់​ការជ្រើស​រើស​បេក្ខជន​ប្រធាន​​ភូមិដូនប៉ុក ​ឃុំ​ស្រែចារ ស្រុក​ស្នួល


(ស្នួល-ក្រចេះ)៖ ក្រោយពីទទួលបានការសម្រេចរបស់រាជរដ្ឋាភិបាល តាមប្រកាសលេខ៦៩៤៦ ប្រក. ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការបង្កើតភូមិថ្មីចំនួន៣២ ក្នុងស្រុកស្នួល និងស្រុកឆ្លូង នៃខេត្តក្រចេះរួចមក និងដោយអនុវត្តតាមនីតិវិធីរបស់ក្រសួងមហាផ្ទៃ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះស្ទាបស្ទង់ការជ្រើសរើសបេក្ខជនប្រធានភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ


ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តដូនប៉ុក ស្ថិតក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះជួយស្រុកស្នួល និងឃុំទាំង៦ ប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ មេឃុំទាំង៦ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ព្រមទាំងបេក្ខជនប្រធានភូមិ ៧នាក់ និងប្រធាន អនុប្រធាន សមាជិកក្រុមបក្ស សរុបមានអ្នកចូលរួមចំនួនប្រមាណជិត ៣០០នាក់


បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក សាម ណាល់ អភិបាលស្រុកស្នួល ពីវឌ្ឍនភាពនៃការងារមូលដ្ឋាន និងចូលរួមពិនិត្យដំណើរការនៃការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនប្រធានភូមិ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើរនាពេលកន្លងមក ព្រមទាំងចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋក្នុងឃុំស្រែចារ ចំពោះការទទួលបានការសម្រេចបង្កើតភូមិថ្មីជាផ្លូវការចំនួន៩ ពីរាជរដ្ឋាភិបាល


ទន្ទឹមនោះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងគូសបញ្ជាក់ថា ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសប្រធានភូមិ ដែលមានអង្គបោះឆ្នោតចំនួន១៦១នាក់នាពេលនេះ គឺជាការអនុវត្តនីតិវិធីប្រជាធិបតេយ្យ ដើម្បីចូលរួមចំណែកស្ទាបស្ទង់ការជ្រើសរើសប្រធានភូមិដែលប្រជាជនស្រឡាញ់ ហើយជាប្រធានភូមិដែលល្អសម្រាប់ភូមិដូនប៉ុក ដើម្បីបម្រើប្រជាជន សំដៅកសាងសុខសន្តិភាពក្នុងភូមិ ឃុំ ចូលរួមបន្តថែរក្សាការពារឱ្យបានគង់វង្សនូវសុខសនិ្តភាព កសាងអភិវឌ្ឍមូលដ្ឋានជំរុញវឌ្ឍនភាព និងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់សង្គមជាតិ។


ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំឥតងាករេ ចំពោះមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។


ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងរំលឹកផ្តាំផ្ញើជូនក្រុមការងារគ្រប់លំដាប់ថ្នាក់ ឱ្យបន្តនីតិវិធីស្ទាបស្ទង់ការជ្រើសរើសប្រធានភូមិសម្រាប់ភូមិថ្មីផ្សេងៗទៀតដែលនៅសេសសល់ឱ្យបានឆាប់ ព្រមទាំងបានអំពាវនាវមន្រ្តីមូលដ្ឋានត្រូវខិតខំរ៉ាប់រងបំពេញរាល់ភារកិច្ចនយោបាយ ពង្រឹងសាមគ្គីភាព និងពូនជ្រុំជំនឿរឹងមាំរបស់បងប្អូនប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សំដៅពង្រឹងប្រៀបឈ្នះ ឈានទៅដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១