ក្រសួងមុខងារសាធារណៈ រៀបចំពិធីប្រកាស​ដាក់ឱ្យដំណើរការ​ជាផ្លូវការ​នូវ​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រី​រាជ​ការ​ស៊ីវិល​ប្រភេទថ្មី


(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដែលនឹងត្រូវប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹមសម្រាប់ដកប្រាក់បៀវត្សពីធនាគារផង ហើយនឹងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងទៀត។


ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញមកពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងធនាគារដៃគូទាំងបី(ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគារវីង) និងអ្នកសារព័ត៌មាន សរុបអ្នកចូលរួមមានចំនួនប្រមាណ ២៥០នាក់។


បន្ទាប់ពីការធ្វើរបាយការណ៍លទ្ធផលនៃការរៀបចំអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការប្រភេទថ្មីដោយឯកឧត្តម យឿន សម្បត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ ស្ថិតិ និងគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យានៃក្រសួងមុខងារសាធារណៈ និងមតិចាប់អារម្មណ៍របស់តំណាងធនាគារដៃគូទាំងបីរួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងមុខងារសាធារណៈ និងកិច្ចសហការគាំទ្រពីក្រសួង-ស្ថាប័នទាំងអស់ ក៏ដូចជារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងធនាគារដៃគូទាំងបី ក្នុងការរៀបចំបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី (ស្មាតកាត)។ ព្រឹត្តិការណ៍ថ្ងៃនេះបានសបញ្ជាក់ច្បាស់ថាយើងសម្រេចបាននូវពន្លកសា្នដៃមួយ ដែលយើងបានរួមគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។


ចុងបញ្ចប់ លោករដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់បន្ថែមថាក្រៅពីការបោះពុម្ពអត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះ ក្រសួងមុខងារសាធារណៈនឹងដាក់ដំណើរឱ្យប្រើប្រាស់កម្មវិធីព័ត៌មានមន្ត្រីរាជការលើទូរស័ព្ទដៃ (Mobile App) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការអាចពិនិត្យព័ត៌មានផ្ទាល់ខ្លួន និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដោយខ្លួនឯងបានផងដែរ ជាមួយគ្នានោះក្រសួងនឹងបន្តសហការជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ លើកកម្ពស់កិច្ចការគាំពារមន្រ្តីរាជការ (សំណាញ់សុវត្តិភាព) ដើម្បីបម្រើជាប្រយោជន៍ជូនមន្រ្តីរាជការ ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពយូរអង្វែងរបស់សង្គមជាតិ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១