បាឋកថារបស់រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល
(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាប្រធានគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាវាគ្មិនកិត្តិយសផ្ដល់ បាឋកថាស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការីទាំងអស់ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល។
វពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការីទាំងអស់ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល សរុបមានអ្នកចំនួនប្រមាណ៦៥០អង្គ/នាក់។
ថ្លែងក្នុងបាឋកថា ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ៗ រួមមាន៖ ១).ភាពជាអ្នកដឹកនំានិងនវានុវត្តន៍ ២).គុណាធិបតេយ្យ ៣).កំណែទម្រង់រដ្ឋបាលសាធារណៈ និង ៤).តួនាទីរបស់រដ្ឋាភិបាល ជាអាទិ៍រដ្ឋាភិបាលឌីជីថល ដោយបានឆ្លុះបញ្ចាំងនូវបទពិសោធន៍ជាក់ស្តែងនៃការងារដឹកនាំវិស័យសាធារណៈ ជាពុទ្ធិសម្រាប់ការស្រាវជ្រាវយកទៅអនុវត្តជាក់ស្តែងជូនសិស្សមន្រ្តីជាន់ខ្ពស់ និងកម្មសិក្សាការី ដើម្បីបំពេញភារកិច្ចការងារឱ្យបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឈានឆ្ពោះទៅសម្រេចឱ្យបាននូវឧត្ដមប្រយោជន៍ចំពោះប្រទេសជាតិ និងប្រជាជនតាមរយៈតួនាទីរបស់ខ្លួននៅតាមក្រសួង ស្ថាប័ន។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងគូសបញ្ជាក់ច្បាស់ពីមគ្គុទេ្ទសភាពដ៏ឈ្លាសវៃ និងថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដែលបានរៀបចំកសាងអភិវឌ្ឍប្រែក្លាយរដ្ឋបាលនៃរដ្ឋាភិបាលចម្រុះនៅឆ្នាំ១៩៩៣ឱ្យទៅជារដ្ឋបាលឯកភាពជាតិតែមួយ ធានាបាននូវស្ថិរភាពនយោបាយ រក្សាបានរឹងមាំសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ច្បាស់ពីភារកិច្ចស្នូលរបស់មន្រ្តីសាធារណៈក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងតួនាទីដឹកនាំមិនអាចខ្វះបានរបស់រដ្ឋាភិបាលក្នុងប្រព័ន្ធសេដ្ឋកិច្ចចម្រុះដែលមានផ្នែកឯកជនជាដៃគូគន្លឹះ។
ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល បានរំលឹកដល់សិក្ខាកាមទាំងអស់ដែលនឹងក្លាយជាមន្រ្តីរាជការសាធារណៈ ពេលចេញទៅបម្រើការងារតាមក្រសួង ស្ថាប័ននានា ត្រូវអភិវឌ្ឍសមត្ថភាពខ្លួនឯងម្នាក់ៗជាប្រចាំ តាមរយៈការរៀនពីការងារ រៀនពីសហការី រៀនពីសហគមន៍ រៀនពីសង្គម ក៏ដូចជាការរៀនពីការពុះពារដោះស្រាយចំណុចខ្វះខាតខ្លួន ដើម្បីពង្រឹងនិងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដ សំដៅរួមចំណែកកសាងអនាគតរុងរឿងរបស់មាតុភូមិកម្ពុជាតទៅអនាគត៕