ក្រសួងមុខងារសាធារណៈ រួមគ្នាជាមួយក្រសួងកិច្ចការនារី រៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំជាស្ត្រី៖ សិល្បះនៃការប្រាស្រ័យទាក់ទងប្រកបដោយឥទ្ធិពល”


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំជាស្ត្រី៖ សិល្បៈនៃការប្រាស្រ័យទាក់ទងប្រកបដោយឥទ្ធិពល” ដែលត្រូវបានសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី។


វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី និងលោក លោកស្រី ជាអគ្គនាយករង អគ្គាធិការរង នាយករង ប្រធាននាយកដ្ឋាន នៃក្រសួងមុខងារសាធារណៈ សរុបមានអ្នកចូលរួមចំនួន៧៥នាក់


បន្ទាប់ពីមតិចំណាប់អារម្មណ៍របស់លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារីរួមមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានធ្វើការថ្លែងអំណរគុណដល់ក្រុមការងារក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារីដែលខិតខំរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងបញ្ជា្របការយល់ដឹង និងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់មន្រ្តីរាជការជាស្ត្រីក្នុងកម្រិតគ្រប់គ្រង ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងត្រៀមខ្លួនជាស្រេចក្នុងការបំពេញការងារ ក្នុងស្ថានភាពនៃការប្រឈមជាមួយផលប៉ះពាល់នៃកូវីដ-១៩ ក៏ដូចជាឥទ្ធិពលអវិជ្ជមាននៃវិបត្តិជាសាកលបង្កដោយការប្រជែងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ និងសង្គ្រាមនៅអ៊ុយក្រែន។ល។


ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងគាំទ្រលើកទឹកចិត្តក្រុមការងារក្រសួងទាំងពីរ ឱ្យបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលប្រភេទនេះបន្ថែមទៀត ដោយអញ្ជើញវាគ្មិនជាស្ត្រីដែលមានភាពជោគជ័យក្នុងការជំនះបញ្ហាប្រឈមក្នុងជីវិតគ្រួសារនិងការងារ និងពង្រីកមុខសញ្ញាសិក្ខាកាមផ្សេងបន្ថែមទៀត ជាពិសេសសិស្សសាលាភូមិន្ទរដ្ឋបាលដែលជាអនាគតមន្រ្តីរាជការ ដើម្បីបង្កើនសមត្ថភាព សម្រាប់ការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួននាពេលអនាគត សំដៅដណ្តើមតួនាទីជាអ្នកដឹកនាំក្នុងអង្គភាព ឬក្នុងក្រសួង ស្ថាប័ន ស្របតាមគោលការណ៍គុណាធិបតេយ្យ។


ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងផ្តាំផ្ញើរសិក្ខាកាមទាំងអស់ក្នុងវគ្គនេះត្រូវខិតខំត្រងត្រាប់ស្ដាប់ និងចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីទទួលបាននូវមេរៀនពិសោធន៍ និងពុទ្ធិបន្ថែមទៀតពីវាគ្មិន ដែលអាចយកទៅអនុវត្តក្នុងជីវិតការងាររៀងៗខ្លួន សម្រាប់ជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងក្រសួង ស្ថាប័ន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១