ក្រសួងមុខងារសាធារណៈ រៀបកិច្ចប្រជុំស្តីពីគម្រោងគាំពារសុខុមាលភាពមន្ត្រីរាជការ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមកិច្ចប្រជុំស្តីពីគម្រោងគាំពារសុខុមាលភាពមន្ត្រីរាជការ។


កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ និងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តី រាជការចំណុះក្រសួងមុខងារសាធារណៈ សរុបអ្នកចូលរួមមានចំនួនប្រមាណ ១២០នាក់


ក្រោយពីលោក មាស ងួនឃៀង ប្រធាននាយកដ្ឋានគាំពារសុខុមាលភាពមន្រ្តីរាជការ បានធ្វើបទបង្ហាញស្តីពីគម្រោងគាំពារសុខុមាលភាពមន្រ្តីរាជការ និងការរួមយោបល់ពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈយ៉ាងផុសផុលលើគម្រោងនេះ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងគូសបញ្ជាក់ថាគម្រោងគាំពារសុខុមាលភាពមន្ត្រីរាជការ នេះជាកិច្ចការចាំបាច់មួយដែលរៀបចំឡើងស្របតាមគោលនយោបាយរាជរដ្ឋាភិបាល សំដៅបម្រើនិងផ្តល់ផលប្រយោជន៍បន្ថែមលើផ្នែកគាំពារសុខុមាលភាពជូនមន្រ្តីរាជការ។ ទន្ទឹមនោះ គម្រោងនេះនឹងក្លាយសំណាញ់សុវត្ថិភាពសម្រាប់គាំពារមន្ត្រីរាជការ ដែលនឹងផ្តល់ការធានារ៉ាប់រងផ្នែកសុខភាពអំឡុងពេលបំពេញការងារ និងជាហិបសន្សំសុវត្ថិភាព សម្រាប់ប្រើប្រាស់បន្ទាប់ពីចូលនិវត្តន៍។


ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានលើកទឹកចិត្តដល់ក្រុមការងារនាយកដ្ឋានជំនាញឱ្យបន្តខិតខំរៀបចំយន្តការគាំទ្រនានា ដើម្បីជំរុញការអនុវត្តគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១