ក្រសួងមុខងារសាធារណៈ រៀបចំពិធីប្រកាសចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្តរតនគិរីថ្មី


(រតនគិរី)៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានចូលរួមពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក មាស ហាក់រស្មី ប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរីថ្មី ជំនួសលោក វ៉ាន់ សុភា ដែលបានទទួលភារកិច្ចថ្មី។


ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តរតនគិរី ដោយមានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ អភិបាលរង អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត សរុបអ្នកចូលរួមចំនួនប្រមាណ១១០នាក់


បន្ទាប់ពីការថ្លែងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខត្តរតនគិរី និងការអានប្រកាសតែងតាំងប្រធានមន្ទីរមុខងារសាធារណះខេត្តរតនគិរីថ្មី ដោយលោក ចាន់ វាសនា អគ្គនាយករងទទួលបន្ទុកជាប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃក្រសួងមុខងារសាធារណៈ ព្រមទាំងការឡើងបេ្តជ្ញាចិត្តរបស់លោក មាស ហាក់រស្មី ប្រធានមន្ទីរមុខងារសាធារណៈរតនគិរីថ្មី រួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្តែងការអបអរសាទរ និងថ្លែងផ្តាំផ្ញើរប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មីត្រូវបំពេញតួនាទីភារកិច្ចដែលបានប្រគល់ជូនឱ្យបានល្អប្រសើរ ដោយត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ដើម្បីក្លាយជាសេនាធិការដ៏រឹងមាំជូនរដ្ឋបាលខេត្តលើវិស័យមុខងារសាធារណៈ និងធ្វើជាស្នូលសម្រាប់ការលើកកម្ពស់សេវាសាធារណៈនៅមូលដ្ឋាន។


ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានផ្តាំផ្ញើរដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ក៏ដូចប្រធានមន្ទីរមុខងារសាធារណៈគ្រប់រាជធានី ខេត្តទាំងអស់ ត្រូវសហការសម្របសម្រួលជាមួយមន្ទីរអង្គភាពជុំវិញរាជធានី ខេត្តរៀងៗខ្លួន ចូលរួមអនុវត្តគោលនយោបាយ កម្មវិធីយុទ្ធសាស្រ្ត ផែនការនានា ក៏ដូចជាច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានជាក់ស្តែង ដើម្បីលើកកម្ពស់ការកសាងអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍស្ថាប័ន សំដៅពង្រឹងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍ សម្រាប់អនាគតរុងរឿងរបស់មាតុភូមិនិងប្រជាជនកម្ពុជាយើង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១