ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពយល់ដឹងបន្ថែមលើការងារអធិការកិច្ចវិស័យមុខងារសាធារណៈ និងការផ្សព្វផ្សាយគោលការណ៍និងនីតិវិធីនៃការអនុវត្តសវនកម្មផ្ទៃក្នុង»


(សៀមរាប)៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពយល់ដឹងបន្ថែមលើការងារអធិការកិច្ចវិស័យមុខងារសាធារណៈ និងផ្សព្វផ្សាយគោលការណ៍និងនីតិវិធីនៃការអនុវត្តសវនកម្មផ្ទៃក្នុង»


សិក្ខាសាលានេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គាធិការ ឯកឧត្តម លោក លោកស្រី មកពីអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន សាលាភូមិន្ទរដ្ឋបាល និងគ្រប់អង្គភាពក្រោមឱវាទក្រសួងមុខងារសាធារណៈ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត សរុបអ្នកចូលរួមមានប្រមាណ ១៥០នាក់


បន្ទាប់ពីឯកឧត្តម សួន រស្មី អគ្គាធិការមានមតិស្វាគមន៍រួចមក ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ បានថ្លែងមតិបើកអង្គសិក្ខាសាលា ដោយធ្វើការកោតសរសើរដល់ក្រុមការងារអគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលខិតខំរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង បង្កឱកាសឱ្យមន្រ្តីជំនាញតាមអង្គភាពជំនាញនីមួយៗ ក្រោមឱវាទក្រសួងមុខងារសាធារណៈ រួមទាំងមន្ទីររាជធានីខេត្តទាំងអស់ បានជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ សិក្សាស្វែងយល់ ចែករំលែកចំណេះដឹង លើការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ព្រមទាំងអាចរួមចំណែកមតិយោបល់ជាធាតុចូលចាំបាច់សម្រាប់ការរៀបចំកសាងសេចក្តីណែនាំពាក់ព័ន្ធនឹងអធិការកិច្ចវិស័យមុខងារសាធារណៈផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ហួត ស៊ីនាដ បានសំណូមពរដល់វាគ្មិនសូមខិតខំចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗដល់អ្នកចូលរួម និងថ្លែងលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីផ្លាស់ប្តូរចែករំលែកចំណេះដឹង និងមេរៀនពិសោធន៍ជាក់ស្តែងល្អៗ ពាក់ព័ន្ធនឹងកិច្ចការអធិការកិច្ចលើការគ្រប់គ្រងមន្ត្រីរាជការ និងបុគ្គលិកបម្រើការងាររដ្ឋតាមប្រព័ន្ធនិយោជន៍ក្នុងវិស័យមុខងារសាធារណៈ និងកិច្ចការសវនកម្មផ្ទៃក្នុង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១