ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ ចូលរួមសន្និសីទអន្តរជាតិ នៅសាធារណរដ្ឋកូរ៉េ


(ទីក្រុង Seong-សាធារណរដ្ឋកូរ៉េ) ៖ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រតិភូចំនួន ៤នាក់ បានចូលរួមសន្និសីទអន្តរជាតិលើការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងាសាធារណៈស្តីពី “បញ្ហាប្រឈមថ្មី និងការជំរុញនវានុវត្តន៍ដើម្បីគ្រប់គ្រងបុគ្គលិកក្នុងសម័យវត្តកម្ម (New Challenges and Inspiring Inncvations in Personnel Administration in the Era of Transformation)” នៅសាធារណរដ្ឋកូរ៉េ។ សន្និសីទអន្តរជាតិនេះ ត្រូវបានរៀបចំដោយក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមផងដែរពី ប្រតិភូមកពីបណ្តាប្រទេសជាសមាជិក ប្រទេសជាដៃគូសន្ទនា (អូស្ត្រាលី ជប៉ុន) ចក្រភពអង់គ្លេស និងអង្គការអន្តរជាតិ { OECD និងUNDP)។


ក្នុងពិធីបើកនៃសន្និសីទអន្តរជាតិលើការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ បន្ទាប់ពីឯកឧត្តម Kim Seung llo រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េ ដែលជាម្ចាស់ផ្ទះបានថ្លែងសុន្ទរកថាបើករួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋ មន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញផ្តល់សុន្ទរកថាអបអរសាទរទៅកាន់អង្គពិធី ដោយបានគូសបញ្ជាក់អំពីការ អាចរៀបចំដោយផ្ទាល់នូវកម្មវិធីនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងនៃការដោះស្រាយបញ្ហាកូដ-១៩ រួមជាមួយនឹង ការរៀបចំយ៉ាងយកចិត្តទុកដាក់របស់ក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េ ព្រមទាំងបានចូលរួមជាសាររំលែកមរណទុក្ខជាមួយ នឹងរាជរដ្ឋាភិបាល ក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនកូរ៉េទាំងមូល ដែលកំពុងកាន់ទុក្ខនៃសេនាដកម្មកើតឡើងនៅ តំបន់អ៊ុំថេន ទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ។


នារសៀលថ្ងៃខែឆ្នាំដដែល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា ក៏បានជួបពិភាក្សាទ្វេភាគីជាមួយនឹងឯកឧត្តមរដ្ឋ មន្ត្រីក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េ ដើម្បីពិភាក្សាអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងក្រសួងទាំងពីរ បន្ទាប់ពី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅក្នុងខែតុលា ឆ្នាំ២០២១ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលសំដៅពង្រឹងដល់ការអភិវឌ្ឍសមត្ថភាពធនធាន មនុស្សជាមន្ត្រីរាជការ ការកសាងសមត្ថភាពស្ថាប័ន ពិសេសការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អប្រសើរថែមទៀតរវាងរដ្ឋាភិបាល និង ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងកូរ៉េ។


សន្និសីទអន្តរជាតិនេះបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមធ្វើបទបង្ហាញ និងវេទិកាពិភាក្សាពាក់ព័ន្ធនឹងការ គ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ការជំរុញ និងពង្រឹងនវានុវត្តន៍ ព្រមទាំងបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលបុគ្គលិក ដើម្បីធានាការដើរឱ្យទាន់នូវការវិវត្តឥតឈប់ឈរនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ពិសេសរួមចំណែកបង្កើនទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសសមាជិកអាស៊ាន អាស៊ានបូកបី ប្រទេសជាដៃគូសន្ទនា និងអង្គការអន្តរជាតិនានា ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១