ក្រសួងមុខងារសាធារណៈ រៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការកសាងប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មានធនធានមនុស្ស


(រាជធានីភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យារបស់ក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) សម្រាប់ការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានធនធានមនុស្ស (HRMIS)។


កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ។


បន្ទាប់ពី ឯកឧត្តម ទេព រិទ្ធី ទីប្រឹក្សាក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញពង្រាងនៃផែនទីបង្ហាញផ្លូវសម្រាប់ការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានធនធានមនុស្ស និងការរួមយោបល់ជាធាតុចូលពីមន្រ្តីជំនាញលើពង្រាងនេះរួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ដល់ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យារបស់ក្រសួង រួមមានទីប្រឹក្សាព័ត៌មានវិទ្យា និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានផែនការ ស្ថិតិ និងគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលរយៈពេលជិតមួយឆ្នាំកន្លងមកនេះ បានខិតខំរួមគ្នាកសាងអភិវឌ្ឍសំដៅធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលនៅទូទាំងប្រទេសធានាបាននូវសុវត្ថិភាព និងបច្ចុប្បន្នភាពទិន្នន័យ បម្រើឱ្យការគ្រប់គ្រងមន្រ្តីរាជការ និងការបើកប្រាក់បៀវត្សប្រចាំខែរបស់មន្រ្តីរាជការស៊ីវិលទូទាំងប្រទេសជាង២០ម៉ឺននាក់ ឱ្យបានគ្រប់គ្រាន់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។


បច្ចុប្បន្ន ក្រសួងកំពុងកសាងអភិវឌ្ឍមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យគ្រប់គ្រងមន្រ្តីរាជការ និងបៀវត្សតាមព័ត៌មានវិទ្យាដែលមានស្រាប់ តាមរយៈការអភិវឌ្ឍផ្នែកសូហ្វវែរ (Software) ថ្មី ទន្ទឹមនឹងដំណើរការប្រើប្រាស់ម៉ាស៊ីនហាតវែរ (Hardware) ទំនើបថ្មី ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។


ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ការរៀបចំផែនទីបង្ហាញផ្លូវនេះ គឺជាសកម្មភាពការងារអាទិភាពចាំបាច់ ដែលអាចជួយឱ្យយើងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាទំនើបមួយសម្រាប់គ្រប់គ្រងទិន្នន័យចាំបាច់នៃធនធានមនុស្សជាមន្រ្តីរាជការស៊ីវិល និងបុគ្គលិកបម្រើការងាររដ្ឋតាមប្រព័ន្ធនិយោជន៍។ នេះជាផែនការសកម្មភាពរបស់ក្រសួងមុខងារសាធារណៈ អនុលោមតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល (Digital) របស់រាជរដ្ឋាភិបាលកម្ពុជា។


ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងផ្តាំផ្ញើលើកទឹកចិត្តដល់ក្រុមការងារបចេ្ចកទេសព័ត៌មានវិទ្យា ឱ្យបន្តកិច្ចការ និងពុះពារសំរេចតាមពេលវេលាកំណត់ដោយត្រូវចេះឆ្លៀតកៀរគរការចូលរួមចំណែកជាជំនួយបច្ចេកទេស (Technical Assistance) ពីភាគីពាក់ព័ន្ធ ពិសេសដៃគូអភិវឌ្ឍនានា ដើម្បីពន្លឿនការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានធនធានមនុស្សនេះឱ្យបានឆាប់ ដោយត្រូវធានាបាននូវភាពជាម្ចាស់របស់ក្រសួងមុខងារសាធារណៈ លើការគ្រប់គ្រង ការកសាងអភិវឌ្ឍផ្នែកទន់ (Software) និងការពង្រឹងផ្នែករឹង (Hardware) សម្រាប់អភិវឌ្ឍប្រព័ន្ធព័ត៌មានគ្រប់គ្រងមន្ត្រីរាជការ (HRMIS) ដែលដើរទាន់យុគសម័យឌីជីថលនៃឧស្សាហកម្ម៤.០ ដើម្បីរួមចំណែកជំរុញអនុវត្តជោគជ័យគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសក៍ដឹកនាំថ្លៃថ្លាខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១