ក្រុមការងារស្រុកបាភ្នំ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣


(បាភ្នំ-ព្រៃវែង)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ខេត្តព្រៃវែង រួមជាមួយសហការី បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ និងពិនិត្យកំណត់ផែនការសកម្មភាពការងារបន្ត។


កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំទាំង៩ សមាជិកក្រុមការងារ ក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ជាមេឃុំ ជំទប់ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយកសាលា មេភូមិ និងមន្រ្តីអាជ្ញាធរមូលដ្ឋាន សរុបអ្នកចូលរួមមានប្រមាណជិត ៥០០នាក់


បន្ទាប់ពីលោក រស់ ម៉ឺង អនុប្រធានគណៈកម្មាធិការបក្សស្រុកបាភ្នំ បានធ្វើរបាយការណ៍សង្ខេបពីលទ្ធផលការងារកន្លងមក និងអានសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជាស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងការរួមយោបល់យ៉ាងផុលផុសរបស់មេឃុំមួយចំនួនជុំវិញការងារគ្រប់គ្រងសមាជិកគណបក្ស ក្រុមបក្សក្នុងមូលដ្ឋានភូមិឃុំ ដើម្បីចូលរួមសម្រេចឱ្យបានការបេ្តជ្ញាចិត្តជាយុទ្ធសាស្រ្តដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខរួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងមតិសរុបកិច្ចប្រជុំ ដោយបានធ្វើការកោតសរសើរ និងអរគុណដ៏ស្មោះស្ម័គ្រសាជាថ្មីម្តងទៀត ចំពោះជ័យជំនះដ៏ត្រចះត្រចង់ របស់កម្លាំងសរុបមន្រ្តី និងសកម្មជន នៃក្រុមការងារ និងគណបក្សស្រុកឃុំ ដែលបានចូលរួមចំណែកយ៉ាងសក្តិសមជាមួយជោគជ័យដ៏ត្រចះត្រចង់ នៅទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមក។


នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការបញ្ជាក់រំលឹកបន្ថែមដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តចូលរួមបង្ការទប់ស្កាត់កូវីដ១៩ ដោយពង្រឹងខ្ជាប់ខ្ជួនវិធានការ ៣ការពារ ៣កុំ ពិសេសត្រូវបន្តចូលរួមក្នុងចលនាជាតិក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយត្រូវរួមគ្នាជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋដើម្បីបង្កើនភាពស៊ាំសហគមន៍ និងចូលរួមដោះស្រាយផលប៉ះពាល់បង្កដោយជំងឺដ៏កាចសាហាវនេះ សំដៅចូលរួមពង្រឹងការបើកសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញឱ្យបានរឹងមាំជារៀងរហូត។


ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារ បានរំលឹកលើកទឹកចិត្តក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវឆ្លៀតឱកាសរដូវបុណ្យទាននេះ បន្តចុះអរគុណអ្នកបោះឆ្នោត និងចូលរួមពិធីប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាប្រចាំជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។


ថ្លែងមតិបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានគូសបញ្ជាក់សាជាថ្មីឡើងវិញពីកាតព្វកិច្ច ក្នុងការតបស្នងចំពោះជំនឿទុកចិត្ត និងការគាំទ្រដ៏រឹងមាំរបស់ប្រជាជនមកលើគណបក្សយើង គឺត្រូវរួមគ្នាបន្តពុះពារជំរុញអនុវត្តសម្រេចភារកិច្ចនយោបាយតាមមុខសញ្ញានៅគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ប្រែក្លាយការបេ្តជ្ញាចិត្តជាយុទ្ធសាស្រ្ត ជាចលនាសកម្មភាពជាក់ស្តែងនៃអំពើល្អ បម្រើប្រជាជនគ្រប់ពេលវេលា គ្រប់ទីកន្លែង សំដៅពង្រីកប្រៀបឈ្នះ ឈានឆ្ពោះទៅដណ្តើមជ័យជំនះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខនេះទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តបេសកកម្មជាប្រវត្តិសាស្រ្ត ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់មាតុភូមិ និងប្រជាជនកម្ពុជា ជាដរាបតរៀងទៅ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១