ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៣ នៅវត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ


(ភ្នំពេញ)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជារៀងរាល់ឆ្នាំ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តែងតែដឹកនាំមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ រៀបចំពិធីបែបព្រះពុទ្ធសាសនា មានជាអាទិ៍ បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យកឋិន និងបុណ្យផ្សេងៗទៀត នៅវត្តសិរីសោភា (ហៅវត្តអង្គតាម៉ិញ) ដែលមានទីតាំងជាប់នឹងទីស្តីការក្រសួងមុខងារសាធារណៈ។


ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចឆ្នាំកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ ព្រមទាំងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៣ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។


ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយប្រកបដោយសេចក្តីជ្រះថ្លារៀងៗខ្លួន។


នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានពាំនាំនូវគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ រួមទាំងបច្ច័យមួយចំនួនជូនដល់គណៈកម្មការវត្តអង្គតាម៉ិញ ដើម្បីទុកប្រើប្រាស់ក្នុងវត្តផងដែរ។


ពិធីបុណ្យកាន់បិណ្ឌ មានអត្ថន័យក្នុងព្រះពុទ្ធសាសនា គឺជាពិធីបុណ្យឧទ្ទិសដល់បុព្វការីជនដែលបានចែកឋានទៅហើយ ប៉ុន្តែមិនដឹងទៅកើតជាអ្វី។ ពិធីបុណ្យនេះក៏ធ្វើឡើង ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនអាចចេញទៅនិមន្តបិណ្ឌបាតនៅខាងក្រៅបាន។ ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១