គណៈកម្មាធិការបក្សក្រសួងមុខងារសាធារណៈ ប្រជុំត្រៀមចូលរួមអនុវត្តផែនការរួមឆ្ពោះទៅកាន់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំការប្រជុំគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ដើម្បីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល។


ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកនៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សចំណុះក្រសួង សរុបអ្នកចូលរួមចំនួនប្រមាណ ៣០០នាក់


ជាកិច្ចចាប់ផ្តើម ឯកឧត្តម រស់ សុផាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានអានសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់មក ឯកឧត្តម អែវ ប៊ុនថុល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈត្រួតពិនិត្យគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានអានសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល ដោយបានសង្កត់ធ្ងន់លើក្របខ័ណ្ឌការងារសំខាន់ៗត្រូវធ្វើរួមគ្នា ពិសេសការពង្រឹងកម្លាំងពិតនិងរចនាសម្ព័ន្ធនៅមូលដ្ឋានឱ្យបានរឹងមាំ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលសល់ត្រឹមប្រមាណ៩ខែទៀតប៉ុណ្ណោះ។


ទន្ទឹមនោះ ឯកឧត្តម ថោ សេដ្ឋាណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈចាត់តាំង បានអានសេចក្តីសម្រេចស្តីពីការតែងតាំងសមាជិក និងសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សក្រសួង ដែលទើបបានតែងតាំងថ្មី។


បន្ទាប់ពីពិធីចែកសេចក្តីសម្រេចការតែងតាំង និងការអានការបេ្តជ្ញាចិត្តរបស់ឯកឧត្តម ឫទ្ធី សុគន្ធារិទ្ធ តំណាងសមាជិកដែលទើបទទួលបានការតែងតាំង រួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានថ្លែងមតិកោតសរសើរលើកទឹកចិត្តដល់កម្លាំងសរុបរបស់មន្រ្តីគណបក្សក្រសួងមុខងារសាធារណៈ ដែលបានប្រគៀកស្មាគ្នាយ៉ាងរឹងមាំយកឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមកនៅតាមមូលដ្ឋានក្នុងខេត្តក្រចេះ។


ផ្អែកលើលទ្ធផលជោគជ័យនៃការបោះឆ្នោតកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សមាជិក និងក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះទាំងអស់ ត្រូវបន្តជំរុញការងារស្នូលនៅមូលដ្ឋាន សំដៅសម្រេចនូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ខាងមុខ ដើម្បីយើងអាចបន្តអនុវត្តកម្មវិធីនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា។


មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានផ្តាំផ្ញើរជូនអង្គប្រជុំទាំងមូលថា ដើម្បីប្ដូរផ្ដាច់សម្រេចការបេ្តជ្ញាចិត្តជាយុទ្ធសាស្ត្រនេះ ក្នុងគន្លងប្រក្រតីភាពថ្មីនៃបរិបទនៃជំងឺកូវីដ-១៩ សមាជិក និងក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ ដូចខាងក្រោម៖


ទីមួយ៖ ត្រូវជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារស្នូលនៅក្រសួង ដោយត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង ដែលជាតម្លៃរួម និងកត្តាស្លាប់រស់ត្រូវយកចិត្តទុកដាក់បំផុតនិងពូនជ្រុំ ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍស្ថាប័ន ក៏ដូចជាសង្គមជាតិទាំងមូលតទៅអនាគត។


ទីពីរ៖ ត្រូវជំរុញការងារស្នូលនៅមូលដ្ឋាន ដោយរួមគ្នាចុះផ្ទាល់ និងច្បាមជាប់មូលដ្ឋានភូមិឃុំ ផ្សារភ្ជាប់ជាប្រចាំជាមួយសមាជិកតាមក្រុមបក្ស និងគ្រួសារបក្សនីមួយៗ ដើម្បីទទួលព័ត៌មានពិតពីមូលដ្ឋាន និងយកឱកាសផ្សព្វផ្សាយនូវសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងនានារបស់ប្រមុខរាជរដ្ឋាភិបាល សំដៅយកឈ្នះទឹកចិត្ត ឈ្នះបេះដូង និងបង្កើនជំនឿជឿជាក់ប្រជាពលរដ្ឋ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១