ក្រុមការងារខេត្ត​ក្រចេះចូលរួមជាមួយប្រជាពលរដ្ឋនៅឃុំស្រែចារ ស្រុកស្នួល ក្នុងពិធីបុណ្យ​កាន់បិណ្ឌ​ប្រពៃណីជាតិ


(ស្នួល-ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះទៅចូលរួមពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិ និងឆ្លៀតជួបសំណេះសំណាល ថ្លែងអំណរគុណ និងអំពាវនាវ បងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ គាំទ្រគោលនយោបាយសុខសន្តិភាព និងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ខាងមុខ។


ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅបរិវេណវត្តគិរីសុវណ្ណារាម (ហៅវត្តក្បាលត្រាច) ដោយមានការចូលរួមពីសំណាក់ តំណាងក្រុមប្រឹក្សាខេត្ត តំណាងអភិបាលខេត្ត សមាជិកគណបក្ស ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារខេត្តចុះជួយឃុំទាំង៦ក្នុងស្រុកស្នួល ប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ មេឃុំ មន្រ្តីអាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាជនតាមខ្នងផ្ទះ សរុបអ្នកចូលរួមចំនួនប្រមាណជាង ១៥០០នាក់។


បន្ទាប់ពីលោក សាម ណាល់ ប្រធានគណបក្សស្រុក និងជាអភិបាលស្រុក បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្តរបស់គណបក្សស្រុករួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដោយស្មោះស្ម័គ្របំផុតចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្រែចារ និងឃុំទាំងអស់នៃស្រុកស្នួល រួមទាំងស្រុកក្រុងទាំងអស់នៃខេត្តក្រចេះទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ដើម្បីសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។


ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងមតិកោតសរសើរលើកទឹកចិត្តផងដែរ ដល់កំលាំងសរុបរបស់មន្រ្តីមូលដ្ឋានយើងគ្រប់លំដាប់ថ្នាក់ ដែលបានបន្តចូលរួមអនុវត្តយ៉ាងសកម្មនូវរាល់ភារកិច្ចនយោបាយសំខាន់ៗក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងប្រក្រតីភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមភូមិ ឃុំ ដោយខិតខំពុះពារឆ្លងកាត់ការលំបាក និងដោះស្រាយផលប៉ះពាល់ទាំងឡាយដែលបង្កឡើងដោយជំងឺកូវីដ-១៩។


ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ត្រូវអនុវត្តខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងបន្តចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ តាមសេចក្តីអំពាវនាវរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការបន្តចូលរួមចលនាជាតិទប់ស្កាត់និងគ្រប់គ្រងកូវីដ-១៩ សំដៅបង្កលក្ខណៈល្អប្រសើរកាន់តែខ្លាំងក្លារឹងមាំដល់ការបើកសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងពេលដែលជំងឺដ៏កាចសាហាវនេះនៅមិនទាន់ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅឡើយ។


មុនបញ្ចប់នៃមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានផ្ដាំរំលឹកដល់ក្រុមការងារ និងមន្រ្តីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ពីកាតព្វកិច្ចក្នុងការតបស្នងការស្រឡាញ់ និងជំនឿទុកចិត្តដ៏មុតមាំរបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ដោយត្រូវរួមគ្នាបន្តធ្វើអំពើល្អ អំពើបុណ្យគ្រប់ពេលវេលា គ្រប់ទីកន្លែង បន្តពុះពារជំរុញអនុវត្តសម្រេចភារកិច្ចនយោបាយតាមមុខសញ្ញានៅគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ក្នុងសកម្មភាពបម្រើការពារប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ និងឆន្ទៈខ្ពស់ សំដៅរក្សា និងពង្រីកប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានឆ្ពោះទៅដណ្តើមជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខនេះ។


សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងការជួបសំណេះសំណាលខាងលើ ឯកឧត្តម ព្រុំ សុខា និងក្រុមការងារ បាននាំយកនូវ ទេយ្យទាន និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះចៅអធិការនិងព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តគិរីសុវណ្ណារាម និងផ្តល់អំណោយជូនពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋចូលរួមផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១