កិច្ចប្រជុំពិភាក្សា​លើ​ផែនការ​ក្របខ័ណ្ឌ​ឆ្នាំ២០២៣ របស់ក្រសួង-ស្ថាប័ន


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការក្របខ័ណ្ឌឆ្នាំ២០២៣ របស់ក្រសួង-ស្ថាប័ន។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីគ្រប់ក្រសួង-ស្ថាប័ន។


ថ្លែងមតិបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានធ្វើការគូសបញ្ជាក់ច្បាស់ថាកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីរួមគ្នាអនុវត្តឱ្យបានជាក់ស្តែងលើផែនការក្របខ័ណ្ឌឆ្នាំ២០២៣ របស់ក្រសួង ស្ថាប័នទាំងអស់ សំដៅធានារក្សាបានប្រក្រតីភាពការងារ និងនិរន្តរភាពបន្ទុកបុគ្គលិករដ្ឋ និងអនុវត្តឱ្យបានហ្មត់ចត់ស្របតាមផែនការយុទ្ធសាស្រ្តថវិការបស់រាជរដ្ឋាភិបាល និងសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។


ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តីប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានបន្ថែមថាការបើកឱ្យជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការតាមក្រសួង-ស្ថាប័នឡើងវិញ គឺអាស្រ័យដោយយើងបានប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ ធានាការបើកដំណើរការសេដ្ឋកិច្ច-សង្គមមកកាន់ប្រក្រតីភាពជាធម្មតាដូចសព្វថ្ងៃ តាមរយៈចលនាជាតិក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងនេះក្តី ការរៀបចំផែនការក្របខ័ណ្ឌឆ្នាំ២០២៣ គឺត្រូវរៀបចំឱ្យបានប្រិតប្រៀងបំផុតសម្រាប់ពង្រឹងការគ្រប់គ្រងបន្ទុកបុគ្គលិករដ្ឋ ក្នុងស្មារតីរួមចំណែកសន្សំសំចៃថវិកាជាតិ ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ដទៃទៀតបង្កដោយជំងឺដ៏កាចសាហាវនេះ ដើម្បីធានាប្រសិទ្ធភាពការងាររដ្ឋ។


ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានគណកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក៏បានបន្ថែមថាចំនួនក្របខ័ណ្ឌមន្រ្តីរាជការថ្មីដែលនឹងត្រូវជ្រើសរើសតាមក្រសួង ស្ថាប័ន គឺសម្រាប់តែបំពេញចំនួនមន្រ្តីរាជការដែលចូលនិវត្តន៍ក្នុងឆ្នាំ២០២២នេះតែប៉ុណ្ណោះ ដោយការជ្រើសរើសនឹងធ្វើឡើងតាមបែបគុណាធិបតេយ្យ គឺការប្រកាន់គោលការណ៍យកគុណភាពជាធំ។


ជាចុងក្រោយនៃការថ្លែងមតិបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើតំណាងក្រសួង-ស្ថាប័នទាំងអស់ត្រូវចូលរួមពិភាក្សាឱ្យបានផុសផុល និងស្នើពិនិត្យលើផែនការក្របខ័ណ្ឌរបស់ខ្លួនឱ្យមានលក្ខណៈជាក់ស្តែង ដោយឈរលើគោលនយោបាយសន្សំសំចៃ រួមចំណែកជាមួយរាជរដ្ឋាភិបាលបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។


បន្ទាប់ពីការថ្លែងមតិបើកកិច្ចប្រជុំរបស់ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានគណកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ រួចមក ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈបានបន្តដឹកនាំកិច្ចពិភាក្សា និងបានគូសបញ្ជាក់បន្ថែមលើកទឹកចិត្តក្រសួង ស្ថាប័នទាំងអស់ព្យាយាមប្រើប្រាស់ធនធានមន្រ្តីដែលមានស្រាប់ឱ្យអស់លទ្ធភាព និងត្រូវរៀបចំផែនការក្របខ័ណ្ឌរបស់ខ្លួនដោយផ្អែកតាមគោលការណ៍កំណត់ ដោយសារឆ្នាំ២០២៣ ខាងមុខនេះ ជាឆ្នាំចុងអាណតិ្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ម្យ៉ាងទៀត យើងក៏ត្រូវរួមចំណែកសន្សំថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ខាងមុខ ដែលរដ្ឋាភិបាលមានតម្រូវការថវិកាច្រើនសម្រាប់គាំទ្រកិច្ចដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១