ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុង “កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត”


(រាជធានីភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុង «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ សំដៅរួមចំណែកក្នុងការជួយដល់ជនរងគ្រោះ ដែលមានតម្រូវការឈាមជាបន្ទាន់ក្នុងគ្រាអាសន្ន។


កម្មវិធីនេះបានប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាលដោយមានការចូលរួមស្ម័គ្រចិត្តបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សាស្រ្តាចារ្យ បុគ្គលិក គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ព្រមទាំងព្រះសង្ឃ និងសិស្ស-និស្សិត ជាកម្មសិក្សាការី សិស្សមន្ត្រីជាន់ខ្ពស់ និងសប្បុរសជនផ្សេងទៀត សរុបមានចំនួនប្រមាណ ៣៥៧អង្គ/នាក់


ថ្លែងមតិក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ និងចាត់ទុកថាការបរិច្ចាគនេះជាអំពើបុណ្យដែលមិនអាចកាត់ថ្លៃបាន ដោយសារឈាមទាំងនេះ គឺសម្រាប់ប្រើប្រាស់ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺដែលមានតម្រូវការ ឱ្យរួចផុតពីសេចក្តីស្លាប់។


ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តអ្នកចូលរួម ក៏ដូចជាមន្រ្តីរាជការ យុវជន និងសប្បុរសជនគ្រប់មជ្ឈដ្ឋានបន្តវប្បធម៌នៃការបរិច្ចាគនេះបន្ថែមទៀត ដោយសារការបរិច្ចាគឈាមទៀងទាត់ មិនត្រឹមតែមិនធ្វើឱ្យខូចសុខភាពទេ ប៉ុន្តែនឹងធ្វើឱ្យអ្នកបរិច្ចាគមានអារម្មណ៍មោទនភាព និងទទួលបានការកោតសរសើរ និងការទទួលស្គាល់ពីសហគមន៍នៅជុំវិញខ្លួន ចំពោះការរួមចំណែកសកម្មភាពមនុស្សធម៌នេះសម្រាប់សង្គមជាតិ

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១