ឯកឧត្តម ព្រុំ សុខា៖ លើកកម្ពស់​សមត្ថភាពមន្រ្តីរាជការ ដើម្បីរួមចំណែកពង្រឹង​ភាពធន់ នៃវិស័យសាធារណៈ


(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ជប៉ុន (JDS) ឆ្នាំសិក្សា២០២២-២០២៣ ចំនួន ២៤រូប ចូលជួបសំណេះសំណាលសម្ដែងការគួរសម មុនការចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។


ថ្លែងក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានសម្ដែងនូវការកោតសរសើរអបអរសាទរ ចំពោះជ័យលាភីទាំងអស់ជាមន្ត្រីរាជការបម្រើការងារនៅតាមក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដែលបានទទួលជោគជ័យប្រឡងជាប់អាហារូបករណ៍ជប៉ុន (JDS) ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសជប៉ុន។


ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈរយៈពេលកន្លងទៅដែលចូលរួមជាមួយកម្មវិធីកែទម្រង់វិស័យអាទិភាពដទៃទៀតរបស់រាជរដ្ឋាភិបាល ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច សង្គមរយៈពេលជាង២ឆ្នាំកន្លងមកនេះ ពិសេសក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់វិបត្តិសកលនៃជំងឺកូវីដ-១៩។ គួរកត់សម្គាល់មន្រ្តីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធរបស់យើង សុទ្ធតែបានពុះពាររក្សារបៀបរស់នៅ និងបំពេញការងារតាមគន្លងនៃប្រក្រតីភាពថ្មី ចូលរួមយ៉ាងសកម្មជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងចលនាជាតិ ក្រោមមគ្គុទ្ទេសភាពដ៏ឈ្លាសវៃ និងថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រយុទ្ធឈ្នះជំងឺដ៏កាចសាហាវនេះ នាំសង្គមជាតិមកកាន់ស្ថានភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។


ផ្អែកលើពិសោធន៍នៃការតស៊ូជំនះពុះពារការលំបាកឧបសគ្គកន្លងមក កាន់តែបញ្ជាក់ច្បាស់ពីតម្លៃនៃសុខសន្តិភាព និងបានបង្ហាញឱ្យឃើញពីភាពចាំបាច់នៃការលើកកម្ពស់សមត្ថភាពមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាស្ថិរភាព និងពង្រឹងភាពធន់នៃវិស័យសាធារណៈ ធ្វើជាស្នូលឱ្យចលនារួម សំដៅបន្តជំរុញសកម្មភាពនៅទូទាំងប្រទេស រួមគ្នាប្រឈមមុខដោះស្រាយរាល់ផលវិបាកជាវិបត្តិដែលបង្កឡើងដោយកូវីដ-១៩ ក៏ដូចជាកត្តាដទៃទៀត បណ្តាលមកពីការវិវត្តន៍ប្រែប្រួលឆាប់រហ័ស និងមិនប្រាកដប្រជានៃសភាពការណ៍សកលលោកនាពេលបច្ចុប្បន្ន។


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋាភិបាលជប៉ុន ដែលបន្តផ្ដល់ជំនួយឧបត្ថម្ភដល់ការសិក្សាបណ្ដុះបណ្ដាលសិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា។


ចុងបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់លោក លោកស្រី ជ័យលាភីអាហារូបករណ៍ទាំងអស់ ត្រូវក្តាប់ជាប់ និងប្រើប្រាស់ឱកាសល្អប្រសើរដែលទទួលបានពីការអប់រំដ៏ថ្លៃថ្លានេះ ដើម្បីខិតខំរៀនសូត្រឱ្យមានចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដ ហើយវិលត្រឡប់មកបម្រើជាតិ និងប្រជាជន សំដៅរួមចំណែកកសាងអនាគតរុងរឿងរបស់មាតុភូមិកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១