ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “រដ្ឋាភិបាលឌីជីថល”


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “រដ្ឋាភិបាលឌីជីថល” ដែលរៀបចំឡើងដោយកិច្ចសហការរវាងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈកម្ពុជា និងវិទ្យាស្ថានមុខងារសាធាណៈសិង្ហបុរី ដោយមានការសម្របសម្រួលពីមូលនិធិ Temasek អន្តរជាតិ។


ពិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ និងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ក្រសួង ស្ថាប័ន និងលោក លោកស្រីតំណាងអភិបាលរាជធានី-ខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរមុខងារ សាធារណៈរាជធានី-ខេត្តទាំងអស់ សរុបអ្នកចូលរួមមានប្រមាណជាង៣០០នាក់។


ថ្លែងក្នុងការបើកសិក្ខាសាលានេះ ឯកឧត្តម ព្រុំ សុខា បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់កម្ពុជា និងសិង្ហបុរី ក្នុងកិច្ចការសហការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈគម្រោងកម្មវិធីផ្សេងៗ ដែលបានរៀបចំដោយមូលនិធិ Temasek អន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាសិក្ខាសាលានាពេលនេះ ផ្តោតសំខាន់ទៅលើប្រធានបទមួយ គឺបរិវត្តកម្មឌីជីថល ឬការផ្លាស់ប្តូរតាមបច្ចេកវិទ្យាឌីជីថល (Digital Transformation) ក្នុងវិស័យសាធារណៈ។


ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងមតិថា ការដឹកនាំកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីកសាងទម្រង់រដ្ឋបាលមួយដើរឱ្យទាន់នឹងការវិវត្តប្រែប្រួលឆាប់រហ័សនៃបច្ចេកវិទ្យាទំនើប ក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ តួយ៉ាងដូចជារដ្ឋាភិបាលឌីជីថល គឺទាមទារនូវការផ្លាស់ប្តូរផ្នត់គំនិត ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងកសាងអភិវឌ្ឍធនធានមនុស្ស សំដៅបង្កើតឱ្យបាននូវរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចល្អក្នុងផ្នែកសាធារណៈ និងផ្នែកឯកជនដោយមានការចូលរួមពីប្រជាពលរដ្ឋ។


ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្នុងស្មារតីនៃការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (២០២១-២០៣៥) របស់រាជរដ្ឋាភិបាល បច្ចុប្បន្នក្រសួងមុខងារសាធារណៈ បាននិងកំពុងអភិវឌ្ឍមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យគ្រប់គ្រងមន្រ្តីរាជការ និងបៀវត្សតាមព័ត៌មានវិទ្យាដែលមានស្រាប់ ដោយប្រឹងប្រែងបង្កើតផ្នែកសូហ្វវែរ (Software) ថ្មី គួបផ្សំនឹងការប្រើប្រាស់ម៉ាស៊ីនហាតវែរ (Hardware) ដែលទើប ទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។


ជាលទ្ធផលនៃការខិតខំខាងលើនេះ អគ្គនាយកដ្ឋានផែនការ ស្ថិតិ និងការគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា នៃក្រសួងមុខងារសាធារណៈ កំពុងរៀបចំដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការស៊ីវិល នៅតាមក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយនឹងប្រព័ន្ធសម្រាប់ទូរស័ព្ទឆ្លាតវៃ (Mobile App)ដែលខាងមុខនេះមន្រ្តីរាជការស៊ីវិលគ្រប់រូបអាចប្រើប្រាស់បាន។ ជាមួយគ្នានោះ យើងបានរៀបចំរួចជាស្រេច ដើម្បីផ្តល់ជូនដោយឥតគិតថ្លៃនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការគំរូថ្មី ដែលជាប្រភេទស្មាតកាត (Smart Card) សម្រាប់ប្រើប្រាស់ជាប័ណ្ណសម្គាល់អត្តសញ្ញាណផង និងប្រើប្រាស់ជាប័ណ្ណ ATM សម្រាប់បើកប្រាក់បៀវត្សផងដែរ។


ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងនូវក្តីរំពឹងយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមានក្នុងសិក្ខាសាលានេះ ពិតជានឹងទទួលបាននូវព័ត៌មានជាពុទ្ធិថ្មី រួមទាំងឧត្តមានុវត្តន៍ ពីបដិវត្តន៍ឧស្សាហកម្ម៤.០ ជាអាទិ៍ការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល សម្រាប់ជាគុណប្រយោជន៍ដល់ការបំពេញការងារ និងជីវិតរស់នៅតទៅអនាគត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១