ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ និងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងនីតិវិធីផ្តល់ទិដ្ឋការនៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការ


(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ រួមជាមួយកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងស្តីពី “នីតិវិធីផ្តល់ទិដ្ឋការនៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការ”។


ពិធីនេះ បានប្រព្រឹត្តទៅនៅមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោក លោកស្រី មកពីរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុកនៃខេត្តព្រះសីហនុ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំងអស់ សរុបអ្នកចូលរួមមានប្រមាណ ១៥០នាក់។


បន្ទាប់ពីពិធីកាត់ខ្សែបូសម្ពោធអគារថ្មីរបស់មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ និងការធ្វើរបាយការណ៍លទ្ធផលការងារមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ ដោយលោក ណុប អូ ប្រធានមន្ទីរ ក៏ដូចជារបាយការណ៍ស្ថានភាពទូទៅនៃការអភិវឌ្ឍរីកចម្រើនក្នុងខេត្ត ដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃ ការងារមន្រ្តីរាជការមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុសម្រេចបានកន្លងមក ពិតជាបានរួមចំណែកយ៉ាងសាកសមទៅក្នុងការវិវត្តរីកចំរើនឆាប់រហ័សរបស់ខេត្តព្រះសីហនុ។


ថ្លែងមតិក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពីនីតិវិធីផ្តល់ទិដ្ឋការនៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្រ្តីរាជការ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណចំពោះផ្តល់ធាតុយ៉ាងផុលផុសពីអ្នកចូលរួម ជាពិសេសពីមន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលស្រុកក្រុងនៃខេត្តព្រះសីហនុ ដែលធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយជាក់ស្តែងថែមទៀតសម្រាប់ការអនុវត្ត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១