ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ អស់លោក លោកស្រី ជាអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន និងអធិការ ព្រមទាំងអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុការិយាល័យដែលទទួលបានការតែងតាំងនិងសម្រួលភារកិច្ចទៅបម្រើការងារតាមអង្គភាពនានា ក្រោមឱវាទក្រសួងមុខងារសាធារណៈ សរុបអ្នកចូលរួមចំនួនប្រមាណ៣៥០នាក់។ ទន្ទឹមនោះ ក៏មានការរៀបចំការចូលរួមតាមប្រព័ន្ធអនឡាញ (Zoom) ជូនដល់មន្រ្តីរាជការផ្សេងទៀតនៃក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំងអស់ផងដែរ។

សូមជម្រាបជូនថា អនុវត្តតាមអនុក្រឹត្យរាជរដ្ឋាភិបាលលេខ១៣៤ អនក្រ.បក ចុះថ្ងៃទី១០ ខែសីហា ឆ្នំា២០២២ ស្តីពីការកែសម្រួលរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អង្គភាពចំណុះក្រសួងមុខងារសាធារណៈ ក្រសួងបានចេញប្រកាសពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាន និងអង្គភាពនៃអគ្គនាយកដ្ឋាន និងអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ។

ជាកិច្ចចាប់ផ្តើមលោក សូលី វណ្ណប៉ុក ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក បានអានប្រកាសតែងតាំងនិងសម្រួលភារកិច្ចមន្ត្រីជាអនុប្រធាននាយកដ្ឋានចំនួន ៨៩នាក់ មន្ត្រីជាប្រធានការិយាល័យចំនួន ៤២នាក់ និងអនុប្រធានការិយាល័យចំនួន ៧៤នាក់។

បន្ទាប់ពីការបេ្តជ្ញាចិត្តរបស់លោក ពេជ្រ សុជាតិ អនុប្រធាននាយកដ្ឋានតំណាងឱ្យមន្រ្តីរាជការដែលទើបទទួលការតែងតាំងថ្មីរួចមក ឯកឧត្តម ព្រុំ សុខា បានថ្លែងមតិទៅកាន់អង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកសាង ពង្រឹងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយនវានុវត្តន៍ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការអនវុត្តជាក់ស្តែងនូវគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងកោតសរសើរដល់មន្រ្តីរាជការទាំងអស់របស់ក្រសួងមុខងារសាធារណៈដែលក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅ បានខិតខំចូលរួមយ៉ាងសកម្មជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស គាំទ្រយ៉ាងក្លៀវក្លាចលនាជាតិ ក្រោមមគ្គុទេសភាពដ៏ថ្លៃថ្លា និងភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្លៃ។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងផ្តាំផ្ញើដល់មន្រ្តីទទួលតំណែងថ្មី តាមរយៈការប្រឡងផ្ទៃក្នុង តាមលក្ខណៈគុណាធិបតេយ្យ ត្រូវពង្រីកសមត្ថភាព និងគុណភាពស្នាដៃការងាររបស់ខ្លួនជាបន្តទៀត ដើម្បីសក្តិសមនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ និងឆ្លើយតបបានទាន់ពេលវេលានូវការវិវត្តប្រែប្រួលឆាប់រហ័សនៃសភាពការណ៍សាកលលោក និងក្នុងតំបន់ ក៏ដូចជាស្ថានភាពជាក់ស្តែងនៃបរិបទកម្ពុជា។ ទន្ទឹមនោះត្រូវខិតខំសម្របខ្លួនដើរឱ្យទាន់ការរីកចំរើននៃបច្ចេកវិទ្យាក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ចូលរួមពង្រឹងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីអនាគតរុងរឿងរបស់មាតុភូមិនិងប្រជាជនកម្ពុជាយើង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១