ក្រុមការងារខេត្តក្រចេះ បន្តចូលរួមវេទិកាសាធារណៈស្ដីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ


(ស្នួល-ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។


វេទិកានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅសាលាឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ជាប្រធានក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំទាំង៦ ក្នុងស្រុកស្នួល មន្ត្រីសមត្ថកិច្ចជំនាញខេត្ត-ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀន មេភូមិទាំង១៦ក្នុងឃុំស្វាយជ្រះ ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន សរុបមានអ្នកចូលរួមប្រមាណជាង ២០០នាក់។


បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោក ខៀវ សុខា មេឃុំស្វាយជ្រះ ស្ដីពីស្ថានភាពទូទៅក្នុងឃុំស្វាយជ្រះ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិបើកវេទិកាសាធារណៈ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំវេទិកានេះ ដែលមានវត្ថុបំណងស្វែងយល់ពីការលំបាកទាំងឡាយនៅមូលដ្ឋានដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខឱ្យបានទាន់ពេលវេលាសម្រាប់ជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរការចូលរួមយ៉ាងសស្រាក់សស្រាំរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំស្វាយជ្រះជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការគាំទ្រយ៉ាងពេញទំហឹងរាជរដ្ឋាភិបាលក្រោមមគ្គុទេសក៍ប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ អាចនាំសង្គមជាតិមកកាន់ប្រក្រតីភាពដូចសព្វថ្ងៃ។


ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ក៏បានជំរុញលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាមកចូលរួមទទួលយកការចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ដែលជាដូសជំរុញ ដើម្បីបន្តពង្រឹងភាពស៊ាំសហគមន៍គាំទ្រនិរន្តរភាពរឹងមាំនៃការបើកដំណើរការសេដ្ឋកិច្ច-សង្គមជាតិយើងតទៅអនាគត។


ក្នុងកម្មវិធីបើកចំហសម្រាប់ការចូលរួមពិភាក្សាដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋាន ដែលជាទុក្ខកង្វល់ ការថ្នាំងថ្នាក់ ពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅប្រចំាំថ្ងៃរបស់ប្រជាពលរដ្ឋ វេទិកាទទួលបាននូវសំណូមពរមួយចំនួនក្នុងពេលនោះ រួមមានជាអាទិ៍៖


១.ភាពយឺតយ៉ាវរបស់មន្រ្តីក្នុងការផ្តល់សេវាសាធារណៈនៅឃុំ ជាពិសេសពាក់ព័ន្ធនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារបញ្ជាក់ផ្សេងៗ
២.គុណភាពសេវាសុខាភិបាលនៅមណ្ឌលសុខភាពឃុំមិនទាន់ឆ្លើយតបបានទាំងស្រុងនូវសំណូមពរចំាំបាច់របស់ប្រជាជនមូលដ្ឋាន
៣.ផលប៉ះពាល់នៃការដឹកជញ្ជូនលើផ្លូវសាធារណៈ ដែលបង្កដោយក្រុមហ៊ុនអាជីវកម្មថ្មម៉ាបជាច្រើនមកលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនមិនទាន់ដោះស្រាយឱ្យបានល្អ
៤.ប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង ក្នុងមូលដ្ឋានភូមិ-ឃុំ នៅមានកម្រិត
បញ្ហាទាំងឡាយខាងលើ ត្រូវបានពន្យល់បកស្រាយបំភ្លឺ និងសន្យាបេ្តជ្ញាជំរុញដោះស្រាយ ដោយប្រធានមណ្ឌលសុខភាព មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ តំណាងក្រុមហ៊ុនឯកជន និងអាជ្ញាធរអ្នកពាក់ព័ន្ធផ្សេងទៀត។


ថ្លែងមតិបិទកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានវាយតម្លៃខ្ពស់ពីលទ្ធផលនៃវេទិកាសាធារណៈនៅពេលនេះ ដែលបានបំពេញតួនាទីធ្វើជាស្ពានទំនាក់ទំនងផ្សារភា្ជប់សុខទុក្ខរវាងរដ្ឋជាមួយប្រជាពលរដ្ឋ ក្នុងការរួមចំណែកសម្រាលដោះស្រាយជាក់ស្តែងបញ្ហានានា ជាពិសេសក្តីកង្វល់ និងការថ្នាំងថ្នាក់ខ្លះៗរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជុំវិញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។


ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពេលដ៏ខ្លីខាងមុខ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តក្រុមការងារគ្រប់លំដាប់ថ្នាក់បន្តសហការរៀបចំវេទិកាបែបនេះ នៅតាមមូលដ្ឋានភូមិឃុំឱ្យបានផុលផុស ដើម្បីរួមចំណែកផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនសាធារណជនពីសមិទ្ធផលចម្បងរបស់សង្គមជាតិ ដែលប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសកំពុងរស់នៅប្រកបដោយសុខុដុមរមនាក្នុងម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា សំដៅការពាររឹងមាំបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពសម្រាប់អនាគតរុងរឿងរបស់ប្រទេសជាតិ និងប្រជាជនយើងតរៀងទៅ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១